ព័ត៌មានអន្តរជាតិ

យន្តហោះទម្លាក់គ្រាប់ យុទ្ធសាស្ត្រ B-1B Lancer ទាំងអស់ ផ្អាកការហោះហើរ ដោយសារតែការធ្លាយ តម្រង់ប្រេង


បរទេស៖ យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រសកម្ម B-1B Lancer របស់កងទ័ពជើងអាកាសអាមេរិកទាំងអស់៥៧គ្រឿង តាមសេចក្តីរាយការណ៍ បានផ្អាកដោយមិនបញ្ជាក់ពីកាលកំណត់ នៅក្នុងសប្ដាហ៍នេះ បន្ទាប់ពីរកឃើញមានបញ្ហាលិចធ្លាយតម្រង់ប្រេង។

លោកឧត្តមសេនីយ៍ Tim Ray ប្រធានទីបញ្ជាការវាយប្រហារសកលរបស់កងទ័ពជើងអាកាសអាមេរិក បានបញ្ជាឲ្យផ្អាកការហោះហើរយន្តហោះទម្លាក់គ្រាប់ដ៏ទំនើបទាំងនោះ ក្រោយយន្តហោះមួយគ្រឿង បានធ្វើការចុះចតបន្ទាន់ពាក់ព័ន្ធនឹងបញ្ហាតម្រង់ប្រេង នៅមូលដ្ឋានទ័ពអាកាស Ellsworth រដ្ឋដាកូតាខាងត្បូង នៅដើមខែមេសានេះ។

ទីភ្នាក់ងារសារព័ត៌មាន Air Force Times បានរាយការណ៍ថា ប្រហោងដ៏ធំមួយ ត្រូវបានគេរកឃើញនៅទីតាំងតម្រង់ប្រេងរបស់យន្តហោះ ក្រោយវាធ្វើការចុះចតរួច ដែលនោះអាចបង្កឲ្យមានការលិចប្រេង និងធ្វើឲ្យពីឡុតមិនអាចក្នុងការប្រើប្រាស់ប្រព័ន្ធជំរុញសន្ទុះរបស់យន្តហោះបាន។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា បញ្ហានិងការផ្អាកការហោះហើរនេះ គឺត្រូវបានរាយការណ៍ដំបូងនៅថ្ងៃព្រហស្បតិ៍ ដោយ The War Zone៕

ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top