ព្រុចសែល ៖ អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប បានឲ្យដឹងថា សហភាពអឺរ៉ុប (EU) បានប្លឹងក្រុមហ៊ុនឱសថ ដ៏ធំ AstraZeneca ទៅតុលាការជុំវិញការ ខកខានរបស់ខ្លួនក្នុង ការមិនគោរពការប្តេជ្ញា ក្នុងការផ្តល់នូវវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដល់ប្រទេស ជាសមាជិករបស់ខ្លួន។
អង្គភាពប្រតិបត្តិរបស់សហភាពអ៊ឺរ៉ុប បានចាប់ផ្តើមចាត់វិធានការ តាមច្បាប់ កាលពីថ្ងៃសុក្រប្រឆាំង នឹងក្រុមហ៊ុនផលិតវ៉ាក់សាំងអង់គ្លេស – ស៊ុយអែត បន្ទាប់ពីការសម្រុះសម្រួលបានបរាជ័យ ដោយសារក្រុមហ៊ុន AstraZeneca មិនមានជំហរក្នុងការបង្កើត នូវយុទ្ធសាស្ត្រ ដែលអាចជឿទុកចិត្តបាន ដើម្បីធានាបាននូវ ការផ្តល់ថ្នាំឱ្យបានទាន់ ពេលវេលានោះទេ។
វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca ដែលជាបេក្ខជនមួយ ក្នុងចំណោមបេក្ខជន បួន ដែលត្រូវបានគេបំភ្លឺថា ត្រូវបានប្រើប្រាស់នៅ សហភាពអឺរ៉ុបនោះ ត្រូវបានគេចាត់ទុកថា ជាឆ្អឹងខ្នងសម្រាប់យុទ្ធនាការ ចាក់វ៉ាក់សាំងដ៏ធំមួយនៅទូទាំងប្លុក។
ទោះយ៉ាងណាមិនយូរប៉ុន្មាន វាបានលេចច្បាស់ថា ក្រុមហ៊ុនមិនអាចគោរព តាមលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងទិញកម្រិតខ្ពស់ ដែលខ្លួនបានចុះហត្ថលេខា ជាមួយគណៈកម្មការអឺរ៉ុប និងមិនបានផ្តល់ចំនួនដូស ដូចដែលបានព្រមព្រៀងនោះទេ។
គណៈកម្មការបានព្រមានម្តងហើយម្តងទៀតថាការពន្យារ ពេលបែបនេះ មិនអាចទទួលយកបាននោះទេ ហើយថែមទាំងបានបង្កើត យន្តការតម្លាភាពនាំចេញក្នុងខែមករា ដើម្បីគ្រប់គ្រងការដឹកជញ្ជូន វ៉ាក់សាំង ដែលផលិតនៅសហភាពអឺរ៉ុប ។ បច្ចុប្បន្នក្រុមហ៊ុន AstraZeneca គឺជាក្រុមហ៊ុនផលិតវ៉ាក់សាំងតែមួយគត់ ដែលត្រូវបានបញ្ឈប់ពីការនាំ ចេញដូសរបស់ខ្លួន នៅខាងក្រៅសហភាពអឺរ៉ុប ក្រោមយន្តការនេះ៕
ដោយ ឈូក បូរ៉ា