ព័ត៌មានអន្តរជាតិ

រុស្ស៊ីតេស្តបាញ់ ជោគជ័យមីស៊ីល ស្ទាក់ចាប់ ABM ថ្មី

បរទេស ៖ កងកម្លាំងដែនអាកាសរុស្ស៊ី នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានបាញ់តេស្តបាន យ៉ាងជោគជ័យ នូវមីស៊ីលស្ទាក់ចាប់ថ្មីនៃប្រព័ន្ធបាញ់ ទម្លាក់មីស៊ីលផ្លោង នៅទឹកដីនៃខេត្ត Sary-Shagan ប្រទេសកាហ្សាក់ស្ថាន ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយដូច្នេះថា “ក្រុមប្រយុទ្ធ នៃកងទ័ពការពារដែនអាកាស និងប្រឆាំងមីស៊ីលផ្លោង របស់កងកម្លាំងដែន អាកាស បានបាញ់តេស្តមីស៊ីលថ្មី នៃប្រព័ន្ធការពារបាញ់ ទម្លាក់មីស៊ីលផ្លោង បានយ៉ាងជោគជ័យ នៅទឹកដី នៃខេត្ត Sary-Shagan ប្រទេសកាហ្សាក់ស្ថាន” ។

លោកឧត្តមសេនីយ៍ Sergei Grabchuk បានមានប្រសាសន៍យ៉ាងដូច្នេះថា “មីស៊ីលបាញ់ទម្លាក់ថ្មីនៃប្រព័ន្ធ ABM (ប្រព័ន្ធប្រឆាំង មីស៊ីលផ្លោង) បានបង្ហាញដ៏គួរឲ្យទុកចិត្ត នូវលក្ខណៈជាប់ទាក់ទងគ្នារបស់ខ្លួន ក្នុងខណៈដែលក្រុមប្រយុទ្ធ បានសម្រេចយ៉ាងជោគជ័យ នូវកិច្ចការរបស់ខ្លួន ដោយវាយប្រហារ ចំគោលដៅពេញៗ” ។

គួរបញ្ជាក់ថា នៅក្នុងបទសម្ភាសន៍មួយ ជាមួយកាសែត របស់ក្រសួងការពារជាតិ នៅមុននោះ លោកឧត្តមសេនីយ៍រូបនេះ បានថ្លែងប្រាប់ថា មីស៊ីលបាញ់ទម្លាក់មីស៊ីលផ្លោង ដ៏ថ្មីបំផុត នឹងធ្វើឲ្យអាចទៅរួច ក្នុងការជំរុញបង្កើនសមត្ថភាពប្រយុទ្ធ និងធ្វើឲ្យកាន់តែប្រសើរឡើង លក្ខណៈពិសេសនៃប្រព័ន្ធ ABM ថ្មីរបស់ប្រទេស ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top