ព័ត៌មានអន្តរជាតិ

អាមេរិក មើលឃើញ ពីភាពមិនចាំបាច់ ក្នុងពាក់ម៉ាស់ នៅខាងក្រៅទៀតទេ សម្រាប់អ្នកចាក់ វ៉ាក់សាំងរួចរាល់

វ៉ាស៊ីនតោន ៖ អាជ្ញាធរសុខាភិបាលសហរដ្ឋអាមេរិក បានឲ្យដឹងថា មនុស្ស ដែលបានចាក់វ៉ាក់សាំង ការពារប្រឆាំង នឹងមេរោគឆ្លងកូវីដ-១៩ រួចរាល់ហើយ មិនចាំបាច់ពាក់របាំង មុខនៅខាងក្រៅទៀតនោះទេ ដរាបណាពួកគេនៅឆ្ងាយ ពីហ្វូងមនុស្សធំៗ ។

ការបន្ធូរបន្ថយគោលការណ៍ណែនាំ ស្តីពីសកម្មភាព ដែលត្រូវបានចាត់ទុកថា មានសុវត្ថិភាព សម្រាប់មនុស្ស ដែលបានទទួលថ្នាំបង្ការ បានកើតឡើងនៅពេលដែលមនុស្សពេញវ័យជាងពាក់កណ្តាល នៅសហរដ្ឋអាមេរិក បានទទួលវ៉ាក់សាំង យ៉ាងតិចមួយដង ហើយភាគច្រើនទទួលបាន ២ដងរួចហើយ នេះបើយោងតាមមជ្ឈមណ្ឌល ត្រួតពិនិត្យនិងបង្ការជំងឺ ។

ប្រធានាធិបតីធាមេរិក លោក ចូ បៃដិន បានសាទរចំពោះ“ វឌ្ឍនភាព គួរឱ្យភ្ញាក់ផ្អើល” ដែលបានធ្វើក្នុងការប្រយុទ្ធប្រឆាំង នឹងរោគរាតត្បាតដោយកត់ សម្គាល់ថា ចំនួនករណីឆ្លង និងអ្នកស្លាប់ បានធ្លាក់ចុះយ៉ាងខ្លាំងពីកម្រិត ដែលមើលឃើញនៅពេល ដែលលោកឡើង កាន់អំណាចជិត ១០០ ថ្ងៃមុននេះ។

ប៉ុន្តែលោក បៃដិន ក៏បានអំពាវនាវឱ្យប្រជាជន កាន់តែច្រើនទទួលបានការចាក់វ៉ាក់សាំង នៅពេលដែលលោកព្យាយាម នាំយកប្រទេសជាតិឱ្យកាន់តែ“ ធម្មតាវិញ” តាមកាលបរិច្ឆេទកំណត់ នៃទិវាឯករាជ្យនៅថ្ងៃទី០៤ ខែកក្កដា ។

ប្រភពព័ត៌មានពី CDC បានឲ្យដឹងថា ជាមធ្យមរយៈពេល ៧ ថ្ងៃ នៃករណីថ្មី ជារៀងរាល់ថ្ងៃ នៅតែមានលើសពី ៥៤,០០០ ទោះបីជាចំនួននេះ បានថយចុះជិត ៨០ ភាគរយពីកម្រិតកំពូល របស់វានៅដើមខែមករា ក៏ដោយ ។

យោងតាមគោលការណ៍ណែនាំ អ្នកដែលទទួលការចាក់វ៉ាក់សាំង ពេញលេញ មិនត្រូវពាក់របាំងមុខពេលចូលរួមការប្រជុំខាងក្រៅ រួមទាំងអ្នកដែលមិនបាន ចាក់វ៉ាក់សាំង ពេលបរិភោគ អាហារ នៅភោជនីយដ្ឋានក្រៅជាមួយមិត្តភក្តិខ្លះ និងពេលដើររត់ រឺជិះកង់នៅខាងក្រៅជាមួយសមាជិក គ្រួសាររបស់ពួកគេឡើយ ៕
ដោយ ឈូក បូរ៉ា

Most Popular

To Top