រីយ៉ូ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ប្រេស៊ីល លោក Marcelo Queiroga បានប្រកាស នៅថ្ងៃពុធនេះ នូវការបើកដំណើរការជាផ្លូវការ នូវកម្មវិធីតេស្តមួយ ដើម្បីកំណត់អត្តសញ្ញាណវិជ្ជមាន នៃជំងឺកូវីដ-១៩ និងទំនាក់ទំនងរបស់ពួកគេ ដើម្បីប្រកាន់ខ្ជាប់នូវគោល នយោបាយដាច់ដោយឡែកពីគ្នា និងកាត់បន្ថយការចម្លងមេរោគ ។
សេចក្តីប្រកាសនេះធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំលើកទី ៣ នៃគណៈកម្មាធិការ សម្រប សម្រួលថ្នាក់ជាតិដើម្បីប្រឈមនឹង ជំងឺរាតត្បាតកូវីដ-១៩ នៅទីស្នាក់ការប្រធានាធិបតី នៃវិមាន Planalto ។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា បើតាមលោករដ្ឋមន្រ្តីកម្មវិធីនឹងប្រើតេស្តអង់ទីហ្សែន ដែលផ្តល់នូវលទ្ធផលលឿន ជាងការធ្វើតេស្តជំងឺកូវីដ-១៩ RT-PCR ដើម្បីរកមេរោគ។
តេស្តអង់ទីហ្សែន គឺជាតេស្តភាពស៊ាំមួយ យ៉ាងរហ័ស ដែលវាយតម្លៃប្រូតេអ៊ីនវីរុស SARS-CoV-2 នៅក្នុងសារពាង្គកាយ និងអាចធ្វើរោគវិនិច្ឆ័យការឆ្លងវីរុសបច្ចុប្បន្ន ទោះបីជាវាមិនបានរកឃើញ អង្គបដិប្រាណ ដែលទទួលបាន ក៏ដោយ។
ជាមួយនឹងលទ្ធផល ដែលចំណាយពេល ៣០ នាទីការធ្វើតេស្តនេះ ត្រូវបានចង្អុលបង្ហាញសម្រាប់រយៈពេល ៧ ថ្ងៃដំបូងបន្ទាប់ពីរោគសញ្ញាបានវិវត្តដោយមានភាព ប្រែប្រួលកាន់តែខ្លាំងពីថ្ងៃទី១ ដល់ថ្ងៃទី៣ តាមរយៈសំណាក ឬអាការៈហើមច្រមុះ៕
ដោយ ឈូក បូរ៉ា