បរទេស ៖ នៅថ្ងៃពុធនេះ តាមសេចក្តីរាយការណ៍ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Teodoro Locsin បានបញ្ជាឲ្យធ្វើការតវ៉ា តាមបែបការទូតមួយផ្សេងទៀត នៅក្នុងចំណោមការតវ៉ា បែបនោះថ្មីៗនេះ តែលើកនេះ គឺជុំវិញការរិះគន់របស់ចិន ។
ចំណែករដ្ឋមន្ត្រីការពារជាតិ ហ្វីលីពីន ក៏បានមានប្រសាសន៍ នៅថ្ងៃពុធនេះផងដែរថា ប្រទេសចិន គ្មាន កិច្ចការត្រូវប្រាប់ប្រទេសហ្វីលីពីន ពីអ្វីដែលខ្លួនអាច ឬក៏មិនអាចធ្វើ នៅក្នុងដែនទឹកខ្លួនឯង នោះទេ ហើយនេះគឺជាការច្រានចោល នូវការប្រឆាំង របស់ទីក្រុងប៉េកាំង ចំពោះសមយុទ្ធការពារដែន សមុទ្រកំពុង តែប្រព្រឹត្តទៅ ។
លោករដ្ឋមន្ត្រីការពារជាតិហ្វីលីពីន Delfin Lorenzana បាននិយាយប្រាប់អ្នកសារព័ត៌មានថា ប្រទេសចិនគ្មានសិទ្ធិ ឬក៏មូលដ្ឋានស្របច្បាប់ ដើម្បីរារាំងយើងមិន ឲ្យធ្វើសមយុទ្ធទាំងនេះ នៅក្នុងដែនសមុទ្រចិនខាងត្បូងទេ ព្រោះការអះអាងកម្មសិទ្ធិ របស់ពួកគេ គ្មានមូលដ្ឋាន ។
គួរបញ្ជាក់ថា ប្រទេសចិនបានធ្វើការអះអាង កម្មសិទ្ធិលើសមុទ្រចិនខាងត្បូង ស្ទើរតែទំាងស្រុង។ នៅក្នុងឆ្នាំ២០១៦ តុលាការក្នុងទីក្រុងឡាអេ បានបញ្ជាក់ថា ការអះអាងកម្មសិទ្ធិដែលចិនផ្អែកលើផែនទី ចាស់របស់ខ្លួន គឺមិនស្របគ្នាជាមួយច្បាប់ អន្តរជាតិនោះទេ៕
ប្រែសម្រួល៖ប៉ាង កុង