បរទេស ៖ ទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិ អាមេរិក បានប្រកាសថា ក្រសួងការបរទេស សហរដ្ឋអាមេរិក ទើបបានអនុម័តលើកិច្ចព្រមព្រៀង លក់អាវុធដ៏ធំចំនួនពីរ ឲ្យទៅប្រទេសអូស្ត្រាលី ដែលមានទំហំទឹកប្រាក់ សរុប១,៩៤ពាន់លានដុល្លារ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន នៃទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខ ការពារជាតិ DSCA បានឲ្យដឹងថា ក្រោមកិច្ចព្រមព្រៀងដំបូង ដែលមានទំហំទឹកប្រាក់១,៦៨៥ពាន់លានដុល្លារ សហរដ្ឋអាមេរិក នឹងលក់តួរថក្រោះ M1A1 ចំនួន១៦០ សម្រាប់ផលិតរថក្រោះចម្បាំង M1A2 SEPv3 Abrams Main រថក្រោះបោសសម្អាតមីន M1150 និងរថយន្តផ្សេងៗទៀត ។
ចំណែកកិច្ចព្រមព្រៀងទីពីរ ដែលមានទំហំទឹកប្រាក់២៥៩លានដុល្លារ រួមមានការលក់នូវឧទ្ធម្ភាគចក្រ ដឹកទំនិញ CH-47F ចំនួន៤គ្រឿង ព្រមទាំងសម្ភារៈពាក់ព័ន្ធផ្សេងទៀត ឲ្យទៅរដ្ឋាភិបាលរបស់ប្រទេសអូស្ត្រាលី។
សេចក្តីប្រកាសរបស់ទីភ្នាក់ងារ សហប្រតិបត្តិការសន្តិសុខការពារជាតិ បាននិយាយថា “អូស្ត្រាលី គឺជាប្រទេសមួយក្នុងចំណោមសម្ពន្ធមិត្ត ដ៏សំខាន់របស់យើង នៅប៉ាស៊ីហ្វិកភាគខាងលិច ។ ទីតាំងយុទ្ធសាស្ត្រ នៃអំណាចនយោបាយ និងសេដ្ឋកិច្ចនេះ រួមចំណែកយ៉ាងសំខាន់ក្នុងការធានាដល់សន្តិភាពនិងស្ថិរភាពសេដ្ឋកិច្ច នៅក្នុងតំបន់ ។ វាមានសារៈសំខាន់ចំពោះប្រយោជន៍ជាតិអាមេរិក ដើម្បីជួយដល់សម្ពន្ធមិត្តរបស់យើង ក្នុងការអភិវឌ្ឍនិងរក្សាសមត្ថភាពការពារខ្លួនដ៏រឹងមាំ និងត្រៀមលក្ខណៈរួចរាល់”៕ ប្រែសម្រួល៖ប៉ាង កុង