បរទេស៖ យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានកូរ៉េ សហរដ្ឋអាមេរិក កំពុងតែព្យាយាម ធ្វើទំនើបកម្មប្រព័ន្ធការពារ មីស៊ីលរបស់ខ្លួន ដែលដាក់ប្រចាំការ នៅមូលដ្ឋានបរទេសនានា ដោយរួមទាំងនៅក្នុង ប្រទេសកូរ៉េខាងត្បូងផងដែរ ។

ប៉ុន្តែរបាយការណ៍មួយ ពីការិយាល័យគណនេយ្យភាព រដ្ឋាភិបាលអាមេរិក ដែលចេញនៅដើមសប្ដាហ៍នេះ បានបង្ហាញថា ទីភ្នាក់ងារការពារមីស៊ីល និងកងទ័ពអាមេរិក បានធ្វើតេស្តហោះហើរចំនួនពីរ តែទទួលបរាជ័យ នៅក្នុងឆ្នាំ២០២០។
របាយការណ៍រដ្ឋាភិបាល សហរដ្ឋអាមេរិក បាននិយាយថា “MDA (ទីភ្នាក់ងារការពារមីស៊ីល) បានធ្វើតេស្តហោះហើរ គ្រោងទុកចំនួនពីរ ប៉ុន្តែគ្មានណាមួយជោគជ័យនោះទេ ហើយរឿងនោះគឺ ដោយសារតែបញ្ហា ដែលមិនមែនជា ឧបករណ៍របស់ MDA ប៉ុន្តែទីភ្នាក់ងារ អាចប្រមូលបានទិន្នន័យសំខាន់ៗ”។
លើសពីនេះ ការរឹតបន្តឹងដោយសារតែ ជម្ងឺកូវីដ១៩ ក៏ជះឥទ្ធិពលអាក្រក់ ដល់កាលវិភាគ ដែលគ្រោងទុកផងដែរ។
គួរបញ្ជាក់ថា របាយការណ៍នេះ គឺត្រូវបានធ្វើឡើង ក្រោយមេបញ្ជាការអាមេរិក ប្រចាំនៅកូរ៉េ លោកឧត្តមសេនីយ៍ Robert Abrams បានមានប្រសាសន៍ថា សមត្ថភាពជាក់លាក់ពីរ គឺនឹងមាននៅក្នុង ប្រទេសកូរ៉េខាងត្បូង ហើយអ្នកវិភាគ បាននិយាយថា លោកកំពុងតែនិយាយ អំពីប្រព័ន្ធ THAAD នៅក្នុងទីក្រុង Seongju៕ ប្រែសម្រួល៖ប៉ាង កុង
