ព័ត៌មានអន្តរជាតិ

យូអិន៖ ជីវិតពាក់កណ្ដាល នៅមីយ៉ានម៉ា កំពុងធ្លាក់ក្នុងភាពក្រីក្រ ដោយសារតែ រដ្ឋប្រហារ និងជម្ងឺកូវីដ១៩

បរទេស៖ យោងតាមរបាយការណ៍មួយ ពីទីភ្នាក់ងារអង្គការ សហប្រជាជាតិមួយ បានឲ្យដឹងថា ជិតពាក់កណ្ដាល នៃប្រជាជនរបស់ប្រទេសមីយ៉ានម៉ា អាចនឹងកំពុងតែរស់នៅ ក្រោមបន្ទាត់ភាពក្រីក្រ អន្តរជាតិ គឺការទទួលបាន ប្រាក់ចំណូល១,៩០ដុល្លារ ក្នុងមួយថ្ងៃ។

របាយការណ៍ នៃកម្មវិធីអភិវឌ្ឍន៍អង្គការ សហប្រជាជាតិ បាននិយាយថា សន្តិសុខសេដ្ឋកិច្ច កំពុងតែរួញថយយ៉ាងលឿន ក្នុងប្រទេសនេះ ដោយសារតែអតិផរណា ការបាត់បង់ប្រាក់ចំណូល និងការធ្លាក់ចុះ នៃសេវាកម្មសុខាភិបាល និងមនុស្សធម៌។

តាមសេចក្តីរាយការណ៍ ចំនួនប្រជាជនក្រីក្រកើនឡើង នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ គឺជាលទ្ធផល នៃព្រឹត្តិការណ៍មិនធម្មតា ចំនួនពីរ គឺការឆ្លងរាតត្បាត នៃជម្ងឺកូវីដ១៩ និងភាពចលាចល ដែលបានកើតមាន ក្រោយយោធា ធ្វើរដ្ឋប្រហារ នៅក្នុងខែកុម្ភៈ។

យោងតាមការវាយតម្លៃ របស់ទីភ្នាក់ងារកម្មវិធីអភិវឌ្ឍន៍អង្គការ សហប្រជាជាតិ ការរាតត្បាតឆ្លងជម្ងឺកូវីដ១៩ បានបណ្ដាលឲ្យមាន កម្រិតភាពក្រីក្រ កើនពី២៤,៨ភាគរយទៅ ៣៦,១ភាគរយ ហើយជាមួយភាពចលាចល និងអំពើហិង្សាផ្តោតគោលដៅ លើជនស៊ីវិលគ្មានអាវុធ អត្រានៃភាពក្រីក្រហក់ឡើង ដល់៤៨,២ភាគរយ។

របាយការណ៍នោះ បាននិយាយយ៉ាងដូច្នេះថា “នៅក្នុងពេលនេះ ភាពតក់ស្លុតពីវិបត្តិ នឹងបណ្ដាលឲ្យមាន ការបាត់បង់ធ្ងន់ធ្ងរ នៃប្រាក់ខែនិងប្រាក់ចំណូល ជាពិសេសពីជំនួញតូចៗ និងធ្លាក់ចុះក្នុងការ ទទួលបានអាហារ សេវាកម្មមូលដ្ឋាន និងកិច្ចការពារសង្គម”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top