ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ បារាំង និងអេស្ប៉ាញ មានបំណងបង្កើត កិច្ចព្រមព្រៀង យន្តហោះចម្បាំង

បរទេស៖ ក្រោយផុតកំណត់ នៃការស្វែងរកដំណោះស្រាយ ក្រសួងការពារជាតិ ក្នុងទីក្រុងប៊ែកឡាំង បាននិយាយនៅថ្ងៃសៅរ៍នេះថា ការមិនព្រមព្រៀងគ្នា ជុំវិញសិទ្ធិកម្មសិទ្ធិបញ្ញា មានន័យថា ប្រទេសអាល្លឺម៉ង់ បារាំងនិងអេស្ប៉ាញ់ នៅមិនទាន់ព្រមព្រៀងគ្នា លើជំហានបន្ទាប់ សម្រាប់គម្រោង យន្តហោះចម្បាំងរួមគ្នា។

កាលពីសប្ដាហ៍មុន រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសអាល្លឺម៉ង់ និងប្រទេសបារាំង បានកំណត់កាលផុតកំណត់ នៅចុងខែមេសា ក្នុងការចរចាគ្នា លើកិច្ចព្រមព្រៀងមួយ ជុំវិញប្រព័ន្ធប្រយុទ្ធដែនអាកាស នាពេលអនាគត FCAS ដែលជាគម្រោងការពារជាតិ ដ៏ធំបំផុតរបស់អឺរ៉ុប។

មន្ត្រីនាំពាក្យក្រសួងការពារជាតិ អាល្លឺម៉ង់មួយរូប បានមានប្រសាសន៍ ប្រាប់ដូច្នេះថា “នៅមិនទាន់រកឃើញ កិច្ចព្រមព្រៀងគ្នា ជុំវិញការប្រើប្រាស់ សិទ្ធិកម្មសិទ្ធិបញ្ញា នៅឡើយនោះទេ។ សម្រាប់ប្រទេសអាល្លឺម៉ង់ ការចូលទៅប្រើប្រាស់ ដោយគ្មានការរឹតត្បិត លើលទ្ធផល នៃការស្រាវជ្រាវ ចំណាយហិរញ្ញវត្ថុរួមគ្នា គឺមានសារៈសំខាន់បំផុត”។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីនាំពាក្យរូបនោះ បានបញ្ជាក់ប្រាប់ថា ប្រទេសទាំង៣នេះ កំពុងមានបំណង ធ្វើកិច្ចព្រមព្រៀងមួយ នៅសប្ដាហ៍ក្រោយនេះ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top