បាងកក ៖ ប្រទេសថៃ បានរាយការណ៍កាលពីថ្ងៃអាទិត្យថា មានករណីថ្មីចំនួន ១៩៤០ ករណីនៃជំងឺឆ្លងកូវីដ-១៩ និងអ្នកស្លាប់ចំនួន ២១ នាក់ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុប កើនឡើងដល់ ២៤៥នាក់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ ហៅកាត់ថា CCSA លោកស្រី Apisamai Srirangsan បានប្រាប់សន្និសីទសារព័ត៌មានមួយថា ក្នុងចំណោមអ្នកឆ្លងថ្មី មានចំនួន ១,៩៣០ នាក់ គឺជាអ្នកឆ្លងជំងឺក្នុងស្រុកនិង ១០ នាក់ទៀតជាករណីនាំចូល។
នៅក្នុងទីក្រុងបាងកក បានចុះបញ្ជីចំនួនអ្នកឆ្លងថ្មីខ្ពស់បំផុត ដោយមានចំនួន ៥៣៩ ករណីបន្ទាប់មក គឺ ២៧៦ ករណីនៅខេត្ដណុនថាប៊ូរី និង ១៤៥ ករណីនៅខេត្ដសាមុតប្រាកាន។
ចាប់តាំងពីថ្ងៃសៅរ៍ប្រទេសថៃ បានបើកការចុះឈ្មោះ សម្រាប់កម្មវិធីចាក់វ៉ាក់សាំង ដល់មនុស្សចាស់ និងមនុស្សដែលមានស្ថានភាពសុខភាពធ្ងន់ធ្ងរ។ លោកស្រី Apisamai បានលើកឡើងថា មនុស្សសរុបចំនួន ៤៣០,៥៨៨ នាក់ បានចុះឈ្មោះនៅថ្ងៃដំបូង។
យោងតាមទិន្នន័យរបស់ CCSA បានបង្ហាញថានៅទូទាំងប្រទេសថៃ ការឆ្លងមេរោគកូវីដ-១៩ ក្នុងប្រទេសថៃ មានចំនួនសរុប ៦៨,៩៨៤ នាក់ដោយមានអ្នកស្លាប់ ២៤៥ នាក់ ៕
ដោយ ឈូក បូរ៉ា