បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសនៅពេលថ្មីៗនេះថា នាវាចម្បាំងទ័ពជើងទឹកអេស្ប៉ាញ ESPS Cristobal Colon នឹងដឹកនាំសមយុទ្ធអន្តរប្រតិបត្តិការពហុជាតិ នៅក្បែរតំបន់ឆ្នេរព័រទុយហ្គាល់។
សមយុទ្ធមានរយៈពេល ២សប្ដាហ៍ ឈ្មោះ Formidable Shield 2021 នេះ នឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែឧសភា ក្រោមការណែនាំរបស់កងនាវាលេខ៦ របស់សហរដ្ឋអាមេរិក ហើយនឹងធ្វើឡើងដោយ ភ្នាក់ងារវាយប្រហារ និងគាំទ្រទ័ពជើងទឹករបស់អង្គការណាតូ។

តាមប្រភពព័ត៌មាន នាវាចំនួន១៥គ្រឿង យន្តហោះតិចបំផុត ១០គ្រឿង និងបុគ្គលិកយោធាប្រហែល ៣.០០០នាក់ មកពីប្រទេសប៊ែលហ្ស៊ិក ដាណឺម៉ាក បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ ន័រវេស អេស្ប៉ាញ អង់គ្លេស និងសហរដ្ឋអាមេរិក នឹងចូលរួមក្នុងសមយុទ្ធនេះ។
គួរបញ្ជាក់ថា សមយុទ្ធនេះ គឺត្រូវបានរចនាបង្កើតឡើង ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើង នូវអន្តរប្រតិបត្តិការសម្ពន្ធមិត្ត ក្នុងកិច្ចការពារដែនអាកាសនិងមីស៊ីលរួមគ្នា ក្នុងបរិយាកាសមួយ ដែលប្រើប្រាស់ទីបញ្ជាការ និងរចនាសម្ព័ន្ធរាយការណ៍អំពីការគ្រប់គ្រង ៕
ប្រែសម្រួល៖ ប៉ាង កុង
