ព័ត៌មានអន្តរជាតិ

អាមេរិក បញ្ជូនសម្ភារៈចេញ ពីអាហ្វហ្គានីស្ថាន

បរទេស ៖ មន្ទីរបញ្ចកោណ នៅថ្ងៃអង្គារ សប្ដាហ៍នេះ បាននិយាយប្រាប់ថា សហរដ្ឋអាមេរិកបានបញ្ជូន សម្ភារៈមានចំណុះស្មើ៦០យន្តហោះ ដឹកជញ្ជូនយោធា C-17 ចេញពីប្រទេសអាហ្វហ្គានីស្ថាន និងបានប្រគល់សម្ភារៈ ចំនួនជាង១.៣០០ដុំ ឲ្យទៅទីភ្នាក់ងារដឹកជញ្ជូនឧបករណ៍ការពារជាតិ សម្រាប់កម្ទេចចោល ។

ចាប់តាំងពីលោកប្រធានាធិបតី អាមេរិក ចូ បៃដិន ប្រកាសផែនការដកកងទ័ព ចេញពីប្រទេសអាហ្វហ្គានីស្ថានមក ថ្នាក់ដឹកនាំមន្ទីរ បញ្ចកោណ បានធ្វើការប៉ាន់ស្មានថា ទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក បានបំពេញបានចន្លោះ២ភាគរយ ទៅ៦ភាគរយ នៃដំណើរការដកទ័ព នៅអាហ្វហ្គានីស្ថាន។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ទីបញ្ជាការកណ្ដាលអាមេរិក បាននិយាយប្រាប់ថា ក្រៅពីនេះ សហរដ្ឋអាមេរិក ក៏បានធ្វើការប្រគល់ជាផ្លូវការនូវមូលដ្ឋាន New Antonik ឲ្យទៅកងទ័ពជាតិអាហ្វហ្គានីស្ថាន និងបន្ថែមទៀតថា ខ្លួនមានគម្រោងអាចផ្តល់ការធ្វើបច្ចុប្បន្នភាពប្រចាំសប្ដាហ៍ ស្តីពីការវិវត្តនៃការដកទ័ពនេះផងដែរ ។

គួរបញ្ជាក់ថា នៅក្នុងអំឡុងសន្និសីទកាសែតមួយជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ មន្ត្រីនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បានទទួលស្គាល់ថា ពួកតាលីបង់បានបង្កើនការវាយប្រហារក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ ស្របពេលដែលសហរដ្ឋអាមេរិក ត្រៀមធ្វើការដកទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន នៅត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top