ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្រ្ត ៖ គេងច្រើនពេក ឬគេងតិចពេកអាចបង្កើន ហានិភ័យ នៃជំងឺបេះដូង ខណៈគេងពី៦-៧ម៉ោង ធ្វើឲ្យសុខភាពល្អប្រសើរ

អាមេរិក ៖ ក្រុមអ្នកវិទ្យាសាស្រ្ត បានធ្វើការសិក្សាមួយ បានសន្និដ្ឋានថា មនុស្ស ដែលគេងពី ៦ទៅ៧ ម៉ោង ក្នុងមួយយប់កាត់បន្ថយការស្លាប់ ដោយសារគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល ជាងអ្នកដែលគេងតិច ឬច្រើននេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល

ក្រុមអ្នកស្រាវជ្រាវ មកពីសហរដ្ឋអាមេរិក បានសិក្សាទិន្នន័យស្តីពីទម្លាប់ នៃការគេង និងសុខភាពសរសៃឈាមបេះដូង របស់មនុស្សជាង ១៤.០០០ នាក់ដោយក្រឡេកមើលថា តើអ្នកណាបានស្លាប់ ដោយសារបញ្ហាបេះដូង ។ អ្នកស្រាវជ្រាវ បានសម្គាល់ឃើញថា មិនដូចកត្តាហានិភ័យ នៃជំងឺបេះដូង ដូចជាអាយុ និង ហ្សែនទេ ទម្លាប់នៃការគេងអាចត្រូវបានគេផ្លាស់ប្តូរ ហើយគួរតែត្រូវបានសួរអំពីអំឡុង ពេលទៅជួបគ្រូពេទ្យធម្មតា ។

ការរកឃើញនេះបន្ថែមទៅលើភស្តុតាង បង្ហាញថា ការគេងអាចដើរតួនាទីកំណត់ហានិភ័យ នៃជំងឺសរសៃឈាមបេះដូង ដែលជាកត្តាដូចជារបបអាហារ ការជក់បារី ឬកម្រិត នៃការធ្វើលំហាត់ប្រាណ ។ អ្នកស្រាវជ្រាវវេជ្ជសាស្ត្រ Kartik Gupta នៃមន្ទីរពេទ្យ Henry Ford បាននិយាយថា ការគេងតែងតែត្រូវ បានគេមើលរំលងថា ជាអ្វីមួយដែលអាចដើរតួក្នុងជំងឺសរសៃ ឈាមបេះដូង ។
ទោះជាយ៉ាងណាក៏ ដោយលោកបានបន្ថែមថា វាអាចជាមធ្យោបាយមួយ ដែលមានប្រសិទ្ធភាពបំផុតក្នុងការបន្ថយហានិភ័យ នៃជំងឺសរសៃឈាមបេះដូង។ យោងតាមទិន្នន័យ របស់យើងថា ការគេងពី ៦ ទៅ ៧ ម៉ោងក្នុងមួយយប់គឺទាក់ទង ទៅនឹងសុខភាពបេះដូងល្អជាង ។

ការសិក្សា របស់ពួកគេអ្នកស្រាវជ្រាវ បានវិភាគទិន្នន័យលើបុគ្គលចំនួន ១៤.០៧៩ នាក់ បានចូលរួមក្នុងការស្ទង់មតិពិនិត្យសុខភាព និងអាហារូបត្ថម្ភជាតិឆ្នាំ ២០០៥-២០១០ ។ មនុស្សម្នាក់ៗ មានអាយុជាមធ្យម ៤៦ ឆ្នាំហើយក្នុងនោះមានតែ ១០ ភាគរយប៉ុណ្ណោះដែលមានប្រវត្តិជំងឺបេះដូង និងផលវិបាក ទាក់ទងនោះ ត្រូវបានតាមដាន ជាមធ្យម ៧.៥ ឆ្នាំដើម្បីដឹងថា តើពួកគេបានស្លាប់ដោយសារគាំងបេះដូង ខ្សោយបេះដូង ឬដាច់សរសៃឈាមខួរក្បាល ៕

Most Popular

To Top