បរទេស៖ សហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍នេះ បានបន្ថែមប្រទេសអ៊ីស្រាអែល ចូលក្នុងបញ្ជីប្រទេសដែលពលរដ្ឋ នឹងត្រូវអនុញ្ញាតឲ្យធ្វើដំណើរ កំសាន្តនៅតំបន់អឺរ៉ុប ស្របពេលដែលអឺរ៉ុបស្វះស្វែងស្តារឡើងវិញ នូវការធ្វើដំណើរ និងស្រោចស្រង់ដំណើរទេសចរណ៍រដូវក្តៅ ពីបម្រាមកូវីដ១៩ធ្ងន់ធ្ងរ។
ការបើកទទួលភ្ញៀវទេសចរ អ៊ីស្រាអែលឡើងវិញនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលសហភាពអឺរ៉ុប កំពុងតែបែរទៅរកការបន្ធូរបន្ថយ បម្រាមបច្ចុប្បន្នរបស់ខ្លួន លើការធ្វើដំណើរមិនចាំបាច់ ពីប្រទេសដទៃនានា ដោយមានការលើកលែងតែមួយចំនួនតូច រួមមានប្រទេសនូវែលសេឡង់ និងអូស្ត្រាលីប៉ុណ្ណោះ។

ប៉ុន្តែការសម្រេចចិត្តនេះ នឹងមិនរាប់បញ្ចូលរដ្ឋសមាជិក ដែលនឹងសម្រេចចិត្តជាឯកតោភាគី ឬក្នុងដំណើររៀបចំចំពោះគ្នាទៅវិញទៅមក ជាមួយប្រទេសអ៊ីស្រាអែលនោះទេ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន HAARETZ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gabi Ashkenazi បានធ្វើការកោតសរសើរ ចំពោះការសម្រេចចិត្តនោះ ដោយមានប្រសាសន៍ថា វាជាការត្រួសត្រាយផ្លូវ សម្រាប់ការវិលត្រឡប់វិញបន្តិចម្តងៗ ទៅរកកំណើនសេដ្ឋកិច្ចប្រក្រតីវិញ ក្រោយមានវិបត្តិមេរោគកូរូណា ៕
ប្រែសម្រួល៖ ប៉ាង កុង
