បរទេស៖ សហរដ្ឋអាមេរិក ជាមួយកាណាដានិងន័រវេស នៅក្នុងពេលបច្ចុប្បន្ននេះ តាមសេចក្តីរាយការណ៍ គឺជាផ្នែកនៃគម្រោង សហភាពអឺរ៉ុប ដែលរចនាបង្កើតឡើង ដើម្បីចល័តកងទ័ព នៅទូទៅតំបន់អឺរ៉ុប ឲ្យកាន់តែងាយស្រួលខ្លាំងឡើង។
ក្រុមរដ្ឋមន្ត្រីសហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានព្រមព្រៀងគ្នាអនុញ្ញាត ឲ្យប្រទេសចំនួន៣ ចូលក្នុងសហប្រតិបត្តិការ រចនាសម្ព័ន្ធអចិន្ត្រៃយ៍ ឬហៅថា គោលគំនិត PESCO ដែលជាកម្មវិធីដឹកនាំ ដោយហូឡង់ នៅក្នុងទីភ្នាក់ងារការពារអឺរ៉ុប របស់សហភាពអឺរ៉ុប ដើម្បីពង្រឹងការបញ្ជូនកងទ័ព និងសម្ភារៈយោធា នៅទូទាំងទ្វីបអឺរ៉ុប។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា នេះគឺជាលើកទីមួយ ដែលបណ្ដាប្រទេស មិនមិនអឺរ៉ុប ត្រូវបានដាក់ឲ្យចូលរួម នៅក្នុងកម្មវិធីសហប្រតិបត្តិការ រចនាសម្ព័ន្ធអចិន្ត្រៃយ៍នោះ។
សហភាពអឺរ៉ុប បាននិយាយប្រាប់យ៉ាងដូច្នេះថា “វាមានគោលបំណង ដើម្បីធ្វើឲ្យអាចធ្វើការ ចល័តបុគ្គលិកយោធា និងសម្ភារៈនៅក្នុងព្រំដែន សហភាពអឺរ៉ុប ដោយគ្មានការរារាំង ហើយនេះតម្រូវឲ្យជៀសវាង ដំណើរការនីតិវិធី ការិយាល័យវែងឆ្ងាយ ក្នុងការចល័តឆ្លងកាត់ ឬក៏នៅទូទាំងប្រទេស សមាជិកសហភាពអឺរ៉ុប មិនថាតាមផ្លូវដែក ផ្លូវគោក ផ្លូវអាកាស ឬក៏ផ្លូវទឹកនោះទេ”៕ ប្រែសម្រួល៖ប៉ាង កុង