ម៉ូហ្គាឌីស៊ូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ថា ទីភ្នាក់ងារមនុស្សធម៌ នៃអង្គការសហប្រជាជាតិ (UN) បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់ពលរដ្ឋ ចំនួន២៥នាក់ បានស្លាប់ នៅក្នុងអំឡុងពេល៧ថ្ងៃ កន្លងមកនេះ ដោយសារព្យុះភ្លៀងបានបោកបក់យ៉ាងខ្លាំង នៅផ្នែកមួយចំនួន នៃប្រទេសសូម៉ាលី ។
ការិយាល័យរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការ សម្របសម្រួលមនុស្សធម៌ ហៅកាត់ (OCHA) បានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះ រាប់ទាំងកុមារចំនួន១៤នាក់ និង០៧នាក់ជាពលរដ្ឋ ដែលជម្លៀសខ្លួននៅក្នុងស្រុក ។
ទីភ្នាក់ងារបានឲ្យដឹងថា គ្រោះទឹកជំនន់ហូរពីទន្លេ បានបង្កផលប៉ះពាល់ ដែលតាមការប៉ាន់ប្រមាណ គឺមកលើពលរដ្ឋ២៥.០០០នាក់ នៅក្នុងភូមិចំនួន១៥ នៅ Jowhar នៅតំបន់កណ្តាល Shabelle ហើយបានជម្លៀសពលរដ្ឋចេញនៅក្នុងភូមិចំនួន០៨ និង ជន់លិចដីស្រែចំការ ។
ភ្លៀងបានធ្លាក់ចុះយ៉ាងគំហុក ដែលបានវាយប្រហារតំបន់ផ្សេងៗ នៅក្នុងប្រទេសសូម៉ាលី នៅក្នុងរយៈពេលជាង១សប្តាហ៍មកនេះ ដែលបង្កជាគ្រោះទឹកជំនន់ភ្លាមៗ ដ៏អាក្រក់ ដែលបានសម្លាប់មនុស្ស និងពលរដ្ឋបានជម្លៀស ខ្លួនចេញ ប៉ុន្តែ តាមការព្យាករណ៍ បានបង្ហាញថា ភ្លៀងនឹងចាប់ផ្តើមថយចុះវិញ នៅពាក់កណ្តាលខែឧសភានេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា