បរទេស៖ ប្រធានាធិបតីនៃប្រទេសរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នាពេលថ្មីៗនេះ បានប្រើប្រាស់សុន្ទរកថារបស់លោក ដែលអបអរគម្រប់ខួបនៃ ជ័យជំនះសង្គ្រាមលោកលើកទី២ ដើម្បីធ្វើការព្រមានថា មនោគមន៍ណាស៊ីនៅតែមានភាពរឹងមាំ។
តាមសេចក្តីរាយការណ៍ លោកបានមានប្រសាសន៍ នៅក្នុងពិធីព្យុហយាត្រាយោធា ប្រចាំឆ្នាំក្នុងទីក្រុងមូស្គូថា មានការប៉ុនប៉ងធ្វើការសរសេរ ប្រវត្តិសាស្ត្រជាថ្មីឡើងវិញ ដើម្បីបង្ហាញភាពយុត្តិធម៌ ចំពោះជនក្បត់និងឧក្រិដ្ឋជន ដែលមានដៃប្រឡាប់សុទ្ធតែ ឈាមរបស់មនុស្សសន្តិភាពរាប់សែននាក់។

នៅក្នុងអំឡុងពិធីព្យុហយាត្រាយោធា លោកប្រធានាធិបតីរុស្ស៊ីរូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “ជាអកុសល មនោគមវិជ្ជាជាច្រើនរបស់ណាស៊ី អ្នកដែលឈ្លក់វង្វែងនឹងទ្រឹស្តី បំភាន់ចិត្តដែលខុសស្រឡះនោះ កំពុងតែព្យាយាមយកវាមកប្រើការ”។
គួរបញ្ជាក់ថា នៅក្នុងពិធីគម្រប់ខួបជ័យជំនះ សង្រ្គាមលោកលើកទី២នោះ វាជាឱកាសមួយសម្រាប់រុស្ស៊ីបង្ហាញ នូវបច្ចេកវិទ្យាយោធារបស់ខ្លួន ដោយមានយានយន្តយោធាជាង ១៩០គ្រឿង ធ្វើដំណើរចល័តនៅលើទីលាន ដោយរួមមានទាំងរថក្រោះសម័យសង្គ្រាម និងប្រព័ន្ធបាញ់មីស៊ីលផ្លោងឆ្លងទ្វីប ក៏ដូចជាយន្តហោះចម្បាំងនិងឧទ្ធម្ភាគចក្រផងដែរ ៕
ប្រែសម្រួល៖ ប៉ាង កុង
