ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនជប៉ុន​ ចំនួន ១០ អាចមានទំនាក់ទំនង ជាមួយរបបយោធា របស់មីយ៉ាន់ម៉ា

តូក្យូ ៖ ក្រុមស៊ើបអង្កេតរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូ បានរកឃើញនាពេលថ្មីៗនេះថា យ៉ាងហោចណាស់ មានក្រុមហ៊ុនជប៉ុន ចំនួន ១០ មានទំនាក់ទំនងពាណិជ្ជកម្ម ដោយផ្ទាល់ជាមួយក្រុមហ៊ុន ដែលមានទំនាក់ទំនង ជាមួយយោធា មីយ៉ាន់ម៉ា ឬបានចូលរួមក្នុងគម្រោងនានា អាចជាប្រភពចំណូល សម្រាប់របបយោធា យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

លទ្ធផល នៃការស៊ើបអង្កេតនេះត្រូវបានចេញផ្សាយ ចំពេលមានការព្រួយបារម្ភថា ការផ្តល់មូលនិធិនិងកិច្ចព្រមព្រៀង អាជីវកម្មដោយរដ្ឋ និងអង្គភាពឯកជនរបស់ជប៉ុន អាចជាជំនួយដល់ការរំលោភសិទ្ធិមនុស្ស ដោយរដ្ឋាភិបាលយោធា របស់ ប្រទេសមីយ៉ាន់ម៉ា ខណៈការអំពាវនាវ កំពុងកើនឡើងនៅសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុប ក៏ដូចជាពីម្ចាស់ភាគហ៊ុន ដើម្បីផ្តាច់ទំនាក់ទំនង ជាមួយរបបយោធា ។

អង្គភាពទាំងនោះរួមមាន Japan Bank for International Cooperation Construction firm Fujita Corp និងProperty Manager Tokyo Tatemono Co ។ ក្រុមហ៊ុនជប៉ុនប្រហែល ៤០០ បានចូលប្រទេស មីយ៉ាន់ម៉ា បន្ទាប់ពីឆ្នាំ ២០១១ ផ្លាស់ប្តូរទៅជារដ្ឋាភិបាល ស៊ីវិលក្រោយពីការគ្រប់គ្រង យោធា ជាច្រើនទសវត្ស ។

ចាប់តាំងពីពេលនោះ មកជំនួយអភិវឌ្ឍន៍ផ្លូវការ របស់ប្រទេសជប៉ុន បានបន្ត ប៉ុន្តែក្រុមហ៊ុន នៅតែត្រូវធ្វើជាដៃគូ ជាមួយក្រុមហ៊ុនក្នុងស្រុក ដោយសារតែការរឹតត្បិត លើការវិនិយោគបរទេសហើយពួកគេមួយចំនួន បានចាប់ដៃគូ ជាមួយអ្នក ដែលទាក់ទងនឹងយោធា ។
ចំពោះអង្គភាពពាក់ព័ន្ធ នឹងក្រុមហ៊ុន Kirin Holdings Co មានក្រុមហ៊ុនបណ្តាក់ទុន រួមគ្នាចំនួន ២ គឺក្រុមហ៊ុន Myanmar Brewery Ltd និង Mandalay Brewery Ltd ជាមួយ ក្រុមហ៊ុន Myanma Economic Holdings ត្រូវបានកំណត់ដោយអង្គការ សហប្រជាជាតិថា ជាកម្មសិទ្ធិរបស់សមាជិក ជាន់ខ្ពស់នៃយោធា ។

បន្ទាប់ពីការព្រួយបារម្ភ ត្រូវបានលើកឡើងអំពីរចនាសម្ព័ន្ធ ហិរញ្ញវត្ថុ និងអភិបាល កិច្ចរបស់ដៃគូរ Kirin បានធ្វើការពិនិត្យ និងបញ្ឈប់ការទូទាត់ភាគលាភ ពីការបណ្តាក់ទុន ទោះយ៉ាងណាភាពជាដៃគូ មិនទាន់ត្រូវបាន រំលាយនៅឡើយទេ ខណៈការចរចា នៅតែបន្តប្រឈមមុខ នឹងឧបសគ្គ ៕ដោយ៖លី ភីលីព

Most Popular

To Top