បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា អង្គការសហប្រជាជាតិ ដែលហៅកាត់ថា យូអិននឹងរៀបចំកិច្ចប្រជុំមួយនៅថ្ងៃអាទិត្យនេះ ដើម្បីពិភាក្សាគ្នាអំពីបញ្ហា នៃភាពតានតឹងរវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន ។
លោក Zhang Jun តំណាងអចិន្ត្រៃយ៍ របស់ប្រទេសចិនប្រចាំ នៅអង្គការសហប្រជាជាតិ បានធ្វើការបង្ហោះប្រាប់ នៅលើបណ្តាញសង្គម Twitter របស់ខ្លួនទៀតដែរថា កិច្ចប្រជុំនេះនឹងចាប់ផ្តើមធ្វើឡើង នៅម៉ោងប្រមាណជា ២រសៀលម៉ោងសកល។
ដោយឡែកតំណាងន័រវេសផងដែរ ក៏បានធ្វើការបញ្ជាក់តាមរយៈ Twitter ដែរថាកិច្ចប្រជុំ នៅថ្ងៃអាទិត្យនេះគឺធ្វើឡើងតបតាមការស្នើសុំឲ្យរៀបចំឡើងតាមការចង់ បានរបស់ប្រទេសន័រវេស ប្រទេសទុយនេស៊ី និងប្រទេសចិន។
លោក Zhang បានបញ្ជាក់ដែរថា ប្រទេសចិន មានការព្រួយបារម្ភខ្លាំងមែនទែន ចំពោះភាពតានតឹងដែលនៅតែ បន្តកើតឡើងនៅក្នុងតំបន់ដែលគ្រប់គ្រងដោយប៉ាឡេស្ទីន ហើយបញ្ជាក់ថាយូអិន គួរតែចាប់ផ្តើមនៅពេលនេះ និងផ្ញើសារខ្លាំង ដើម្បីកាត់បន្ថយបញ្ហានេះឡើង៕
ប្រែសម្រួល៖ស៊ុនលី