បរទេស៖ មន្រ្តីប៉ូលីសបារាំង ដែលចូលនិវត្តន៍មួយក្រុម បានចេញលិខិតបើកចំហថ្មីមួយ ទៅកាន់ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង, នាយករដ្ឋមន្រ្តី Jean Castex និងព្រឹទ្ធសភាបារាំង ទាមទារសុវត្ថិភាពសម្រាប់ ការអនុវត្តច្បាប់និងសន្តិសុខ សម្រាប់ពលរដ្ឋបារាំងជាទូទៅ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ញត្តិដែលត្រូវបានចេញផ្សាយនៅលើគេហទំព័រ MesOpinions.com ដែលជាញត្តិ និងការស្ទង់មតិបារាំង ត្រូវបានសរសេរដោយ មន្រ្តីប៉ូលីសចូលនិវត្តន៍ចំនួន ៩៣ នាក់ ហើយស្នើយ៉ាងទទូចដល់រដ្ឋាភិបាល “ឱ្យធ្វើអ្វីគ្រប់យ៉ាងដែលអាច ធ្វើទៅបានដើម្បីបញ្ចប់ស្ថានការណ៍ ធ្ងន់ធ្ងរបំផុតដែលបារាំង កំពុងឆ្លងកាត់ក្នុងបញ្ហាសន្តិសុខ និងភាពស្ងប់ស្ងាត់សាធារណៈ។

ហត្ថលេខាដោយមនុស្សជាង ៣៦ ០០០ នាក់ ញត្តិនោះបានបង្ហាញថា សិទ្ធិអំណាចរបស់រដ្ឋបារាំង កំពុងរងការប៉ះទង្គិចដោយ ក្រុមជនជាតិភាគតិចដែលមានអំពើហិង្សា ហើយមាន“ ទឹកដីបាត់បង់” នៅក្នុងប្រទេសបារាំងដែលច្បាប់ របស់សាធារណរដ្ឋលែងអនុវត្តតទៅទៀត ៕
ប្រែសម្រួលៈ ណៃ តុលា
