អង់គ្លេស ៖ ការសិក្សាស្រាវជ្រាវ បានបង្ហាញថា ការទទួលទានផ្លែឈើ និងបន្លែយ៉ាងហោចណាស់ ឲ្យបាន៦មុខ ជារៀងរាល់ថ្ងៃអាចកាត់ បន្ថយ កម្រិតស្ត្រេស របស់អ្នក និងធ្វើឲ្យអ្នកតានតឹងតិច ជាងអ្នកដែលជៀស វាងបន្លែបៃតង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Edith Cowan នៃប្រទេសអូស្រ្តាលី បានពិនិត្យទំនាក់ទំនង រវាងការទទួលទានផ្លែឈើនិងបន្លែ ព្រមទំាងកម្រិតស្ត្រេស របស់មនុស្សជាង ៨.៦០០ នាក់ ដែលមានអាយុពី ២៥ ទៅ ៩១ ឆ្នាំ ។ ពួកគេបានរកឃើញថា អ្នកទទួលទានផ្លែឈើ និងបន្លែយ៉ាងហោចណាស់ ៤៧០ ក្រាម ជារៀងរាល់ថ្ងៃមាន កម្រិតស្ត្រេសទាបជាង ១០ ភាគរយបើធៀបទៅនឹងអ្នកដែលទទួលទានក្រោម ២៣០ ក្រាម។
យោងតាម NHS ផ្នែកផ្លែឈើ ឬបន្លែជាមធ្យមគឺ ៨០ ក្រាម ដូច្នេះការសិក្សា បានរកឃើញថា អ្នកត្រូវការ ប្រហែល ៦ ចំណែកក្នុងមួយថ្ងៃ ដើម្បីកាត់បន្ថយភាពតានតឹង ។ ក្រុមអ្នកស្រាវជ្រាវបន្តថា យន្តការភ្ជាប់ផ្លែឈើ និង បន្លែទៅនឹងស្ត្រេស គឺមិនទាន់ ច្បាស់នោះទេ ប៉ុន្តែអាចបណ្តាលមក ពីអ្នកដែលប្រើប្រាស់បរិមាណ សារធាតុចិញ្ចឹមសំខាន់ៗច្រើន នៅក្នុងខ្លួននៃរបបអាហារ ។
អ្នកដឹកនាំការស្រាវជ្រាវបេក្ខជន បណ្ឌិត Simone Radavelli-Bagatini បាននិយាយថា ការស្រាវជ្រាវ ពង្រឹង ទំនាក់ទំនង រវាងរបបអាហារ សម្បូរ ទៅដោយផ្លែឈើ និងបន្លែធ្វើឲ្យ សុខុមាលភាពផ្លូវចិត្ត ។ លោកស្រី Radavelli-Bagatini បន្តថា យើងបានរកឃើញថា ការទទួលទានផ្លែឈើ មិនមានភាពតានតឹង ជាងអ្នក ដែលមានការទទួលទានទាបនោះទេ បង្ហាញថារបបអាហារដើរតួយ៉ាងសំខាន់ ក្នុងសុខុមាលភាពផ្លូវចិត្ត ។
សុខភាពផ្លូវចិត្ត គឺជាបញ្ហា ដែលកំពុងកើនឡើងនៅជុំវិញ ពិភពលោកដោយមួយក្នុង ចំណោម៤នាក់ នៅក្នុងចក្រភពអង់គ្លេស មានបញ្ហាសុខភាពផ្លូវចិត្ត ប្រភេទណាមួយជារៀងរាល់ឆ្នាំ ។ នៅទូទាំងពិភពលោក ប្រមាណ ជា ១ នាក់ក្នុងចំណោម ១០ នាក់រស់នៅដោយមានបញ្ហា សុខភាពផ្លូវចិត្ត ប្រភេទណាមួយ ៕ដោយ៖លី ភីលីព