ព័ត៌មានអន្តរជាតិ

អាមេរិក-អឺរ៉ុប នឹងពិភាក្សាគ្នា​ លើវិបត្ដិពន្ធគយដែកថែប ក្រោមអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក និង សហភាព អ៊ឺរ៉ុប នឹងចាប់ផ្តើមពិភាក្សាអំពីពន្ធគយលើដែកថែប ដែលត្រូវបានដាក់ក្នុងពេលរដ្ឋបាល របស់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ នេះបើយោងតាមសេចក្តីថ្លែង ការណ៍រួមចេញផ្សាយដោយអ្នកតំណាង ពាណិជ្ជកម្មសហរដ្ឋអាមេរិក នាយកដ្ឋានពាណិជ្ជកម្មសហរដ្ឋអាមេរិក និង គណៈកម្មការអឺរ៉ុបកាលពីថ្ងៃចន្ទ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ក្នុងអំឡុងពេល នៃការប្រជុំជាក់ស្តែង មួយ កាលពីសប្តាហ៍មុនមេដឹកនាំ មកពីភាគីទាំងពីរបានឯកភាពគ្នា រៀបចំផែនការមួយ ដែលបញ្ចប់ជម្លោះរបស់អង្គការ ពាណិជ្ជកម្មពិភពលោក បន្ទាប់ពីការអនុវត្តពន្ធគយ លើការនាំចូលពីសហភាពអឺរ៉ុប តាមមាត្រាលេខ ២៣២ ។

អ្នកតំណាងពាណិជ្ជកម្ម សហរដ្ឋអាមេរិក រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម សហរដ្ឋអាមេរិក និងអនុប្រធានប្រតិបត្ដិ គណៈកម្មការអឺរ៉ុប លោក Valdis Dombrovskis បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកគេនឹងចាប់ផ្តើមពិភាក្សា ដើម្បីដោះស្រាយបញ្ហាដែកថែប និងអាលុយមីញ៉ូម លើពិភពលោក។

សេចក្តីថ្លែងការណ៍នោះបានសរសេរថា “ ដើម្បីធានាបាននូវបរិយាកាស ស្ថាបនាបំផុត សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ ពួកគេបានឯកភាពចៀស វាងការផ្លាស់ប្តូរលើបញ្ហាទាំងនេះ ដែលជះឥទ្ធិពលអវិជ្ជមានដល់ពាណិជ្ជកម្មទ្វេភាគី” ។

អ្នកទាំង៣ បានប្តេជ្ញា ចូលរួមក្នុង កិច្ចពិភាក្សាទាំងនេះយ៉ាងឆាប់រហ័ស ដើម្បីស្វែងរកដំណោះស្រាយ មុនដំណាច់ឆ្នាំនេះ ដោយប្តេជ្ញាធានា នូវលទ្ធភាពជោគជ័យ យូរអង្វែងនៃឧស្សាហកម្មដែកថែប និងអាលុយមីញ៉ូម របស់ភាគីទាំងពីរ។

ដោយលើកឡើងពីកង្វល់សន្តិសុខជាតិរដ្ឋបាល អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ពន្ធជាឯកតោភាគី ២៥ ភាគរយ លើការនាំចូលដែកថែប និងពន្ធ ១០ ភាគរយលើការនាំចូល អាលុយមីញ៉ូម នៅទូទាំងពិភពលោកក្នុងឆ្នាំ២០១៨ ដែលធ្វើឱ្យមានការប្រឆាំង យ៉ាងខ្លាំងទាំងក្នុងស្រុក និងក្រៅស្រុក ៕ដោយ ឈូក បូរ៉ា

Most Popular

To Top