ព័ត៌មានអន្តរជាតិ

សកម្មជនមីយ៉ានម៉ា​ ៖ មនុស្សជាង៨០០នាក់ ត្រូវកងកម្លាំងសន្តិសុខ សម្លាប់តាំងពី រដ្ឋប្រហារមក

បរទេស ៖ ក្រុមសកម្មជនក្នុងស្រុកមួយ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា មនុស្សជាង៨០០នាក់ ត្រូវកងកម្លាំងសន្តិសុខមីយ៉ានម៉ាសម្លាប់ គិតចាប់តាំងពីមានការតវ៉ាផ្ទុះឡើង នៅទូទាំងប្រទេស ក្រោយយោធាធ្វើរដ្ឋប្រហារ ដណ្ដើមអំណាច នៅក្នុងខែកុម្ភៈមក ។

ប្រទេសមីយ៉ានម៉ា បានធ្លាក់ចុះក្នុងភាពចលាចល ចាប់តាំងពីកងទ័ព បានផ្តួលរំលំរដ្ឋាភិបាល ជាប់ឆ្នោតរបស់លោកស្រី អ៊ុង សានស៊ូជី និងបានឃុំខ្លួនលោកស្រី និងមន្ត្រីនានាមកពីគណបក្សសម្ពន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ របស់លោកស្រីមក ។

យោងតាមក្រុមសកម្មជន មានឈ្មោះ សមាគមជួយសម្រាប់អ្នកទោសនយោបាយនោះ បានឲ្យដឹងថា គិតត្រឹមថ្ងៃចន្ទ មនុស្សចំនួន៨០២នាក់ ត្រូវបានសម្លាប់ ក្នុងប្រតិបត្តិការបង្ក្រាបរបស់របបសឹកលើក្រុមអ្នកប្រឆាំង ហើយនោះជាចំនួនដែលក្រុមសកម្មជន AAPP បានបញ្ជាក់ ប៉ុន្តែចំនួនពិតប្រាកដ ទំនងជាខ្ពស់ច្រើនជាងនេះ។

គួរបញ្ជាក់ថា យោធារបស់ប្រទេសមីយ៉ានម៉ា បានធ្វើការឆ្លើយតប ចំពោះការតវ៉ាធ្វើឡើងដោយអ្នកគាំទ្រ លទ្ធិប្រជាធិបតេយ្យនៅក្នុងទីក្រុងនានា ដោយកម្លាំងដ៏សាហាវ ស្របពេលមានការកើនឡើងក្នុងការប្រយុទ្ធគ្នា រវាងកងទ័ពនិងពួកប៉ះបោរជនជាតិ ភាគតិច នៅក្នុងតំបន់ព្រំដែន និងកងកម្លាំងជីវពលទើបបង្កើតថ្មីៗ ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top