បរទេស ៖ នាវាទ័ពជើងទឹក មកពីប្រទេសចំនួន១០ ដែលរួមមានទាំងសហរដ្ឋអាមេរិក បានប្រមូលផ្តុំគ្នា នៅក្បែរតំបន់ឆ្នេរ ប្រទេសស្កុតឡែន សម្រាប់សមយុទ្ធអន្តរ ប្រតិបត្តិការណាតូ ដោយមានទាំងការសមបាញ់ មីស៊ីលផង នេះបើតាមសម្តី របស់កងទ័ពជើងទឹកអាមេរិក ។
តាមសេចក្តីរាយការណ៍ សមយុទ្ធការពារមីស៊ីល ដែនអាកាសនិងដែនសមុទ្ររួមគ្នា រយៈពេល៣សប្ដាហ៍ នោះ មានការចូលរួមដោយបុគ្គលិក យោធាចំនួនជាង៣.០០០នាក់ និងបានចាប់ផ្តើមនៅថ្ងៃសៅរ៍ នៅក្នុងទីតាំង ធ្វើសមយុទ្ធ Hebrides Range របស់ក្រសួងការពារជាតិ អង់គ្លេស ក្នុងប្រទេសស្កុតឡែនភាគខាងលិច ។
ដឹកនាំដោយកងនាវាលេខ៦ របស់ទ័ពជើងទឹកអាមេរិក សម្រាប់ទីបញ្ជាការកងកម្លាំងវាយប្រហារ និងគាំទ្រជើងទឹក របស់អង្គការណាតូនោះ វាគឺជាពង្រីកសមយុទ្ធមួយ ដែលកំពុងតែប្រព្រឹត្តទៅនៅក្បែរតំបន់ឆ្នេរ Portugal ហើយសមយុទ្ធនេះ មានឈ្មោះថា Exercise At-Sea Demo/Formidable Shield 2021។
គួរបញ្ជាក់ថា ប្រទេសដែលបានចូលរួមក្នុងសមយុទ្ធការពារមីស៊ីលនេះ គឺរួមមានប្រទេសប៊ែលហ្ស៊ិក ដាណឺម៉ាក បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ ន័រវេស អេស្ប៉ាញ អង់គ្លេស និងសហរដ្ឋអាមេរិក ៕ ប្រែសម្រួក៖ប៉ាង កុង