បរទេស ៖ ក្រសួងការពារជាតិ របស់ប្រទេសជប៉ុន និងកងទ័ពជើងទឹក សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសថា យន្តហោះគ្មានមនុស្សបើក MQ-4C Triton របស់កងទ័ពជើងទឹក អាមេរិកចំនួនពីរគ្រឿង នឹងធ្វើដំណើរពីកោះហ្គាម ទៅកាន់ប្រទេសជប៉ុន នៅក្នុងខែនេះ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិជប៉ុន បានលើកឡើង ពីបរិយាកាសសន្តិសុខ កាន់តែធ្ងន់ធ្ងរឡើង នៅជុំវិញប្រទេសជប៉ុន ដោយធ្វើការកត់សម្គាល់ថា វាសំខាន់ណាស់ដើម្បីធ្វើឲ្យប្រសើរឡើង នូវសកម្មភាពចារកម្ម ឃ្លាំមើលនិងឈ្លបយកការណ៍ ធ្វើឡើងដោយប្រទេសទាំងពីរ។
យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងការពារជាតិ ជប៉ុន បាននិយាយប្រាប់ បន្ថែមទៀតថា យន្តហោះគ្មាននុស្សបើកទាំងពីរនោះ នឹងបញ្ជូនទៅប្រទេសជប៉ុន ជាបណ្ដោះអាសន្ន នៅក្រោយពាក់កណ្ដាល ខែឧសភានេះ ។
ទីភ្នាក់ងារសារព័ត៌មាន Stars & Stripes បានរាយការណ៍ថា នេះជាលើកទីមួយហើយ ដែលយន្តហោះគ្មានមនុស្សបើក Triton នេះ នឹងត្រូវបញ្ជូនទៅប្រទេសជប៉ុន ជាបណ្ដោះអាសន្ន៕
ប្រែសម្រួល៖ប៉ាង កុង