វ៉ាស៊ីនតោន ៖ អ្នកជំនាញជំងឺឆ្លងសហរដ្ឋអាមេរិកបានប្រាប់ សន្និសីទសារព័ត៌មាននៅសេតវិមាន នៅថ្ងៃអង្គារម្សិលមិញនេះថា វ៉ាក់សាំងការពារមេរោគ ដែលត្រូវបានអនុញ្ញាត ឲ្យប្រើប្រាស់ នៅសហរដ្ឋអាមេរិក មានប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំង នឹងវីរុសទម្រង់ថ្មី ដែលកំពុងរាលដាល នៅក្នុងប្រទេសឥណ្ឌា ។
ការសិក្សាដំបូងបាន ចង្អុលបង្ហាញថា វ៉ាក់សាំង Pfizer-BioNTech និង Moderna គឺ “យ៉ាងហោចណាស់ មានប្រសិទ្ធភាពលើផ្នែកខ្លះ និងអាចការពារបាន” ពីជំងឺធ្ងន់ធ្ងរ ការចូលមន្ទីរពេទ្យ និងមរណភាព “ដែលបង្ហាញពីហេតុផល រឹងមាំមួយទៀត ដែលយើងត្រូវចាក់ វ៉ាក់សាំងនេះ។
នៅក្នុងការស្រាវជ្រាវមួយ អ្នកស្រាវជ្រាវបានពិនិត្យ លើប្រសិទ្ធភាពនៃថ្នាំវ៉ាក់សាំង Pfizer និង Moderna ប្រឆាំង នឹងមេរោគឆ្លងទម្រង់ថ្មី ដែលត្រូវបានរកឃើញដំបូង នៅក្នុងប្រទេសឥណ្ឌា ។ ការរកឃើញដែលត្រូវបានគេរាយការណ៍នៅក្នុងក្រដាស ព្រីនមួយនៅលើ biorxiv.org និងមិនទាន់ត្រូវបានពិនិត្យឡើងវិញ បានបង្ហាញថា វ៉ាក់សាំងទាំងពីរ នៅតែមានប្រសិទ្ធភាព។
អ្នកស្រាវជ្រាវត្រូវបានគេដក ស្រង់សម្ដីដោយលើកឡើងថា“ មានហេតុផលល្អ ដើម្បីជឿជាក់ថា អ្នកដែលបានចាក់វ៉ាក់សាំង នឹងនៅតែត្រូវបានការពារប្រឆាំង នឹងមេរោគឆ្លងទម្រង់ថ្មី B.1.617 និង B.1.618” ។
អ្នកជំនាញផ្នែកសុខភាពសាធារណៈគិតថា មេរោគឆ្លងទម្រង់ថ្មី B.1.617 ទំនងជានាំឱ្យមានការកើនឡើងយ៉ាងខ្លាំង នៃការឆ្លងមេរោគ ការចូលមន្ទីរពេទ្យ និងការស្លាប់នៅក្នុងប្រទេសឥណ្ឌានេះ បើយោងតាមរបាយការណ៍របស់ The Hill នៅថ្ងៃអង្គារម្សិលមិញនេះ ៕
ដោយ ឈូក បូរ៉ា