ប៉េកាំង៖ នៅថ្ងៃពុធនេះរដ្ឋាភិបាលក្រុងប៉េកាំង បានធ្វើការចោទប្រកាន់ សហរដ្ឋអាមេរិកសាជាថ្មីថា បានគម្រាមកំហែង ទៅដល់សន្តិភាព និងស្ថេរភាពនៅក្នុងតំបន់ ក្រោយពេលដែលបាន បញ្ជូននាវាចម្បាំងមួយគ្រឿង ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ នៃកោះតៃវ៉ាន់ ជាតំបន់ដ៏រសើប។
កងកម្លាំងជើងទឹកអាមេរិក បានបញ្ជាក់ថា នាវាចម្បាំងមួយរបស់ខ្លួន ដែលមានឈ្មោះថា Arleigh Burke ពិតជាបានធ្វើដំណើរ ឆ្ពោះត្រង់ឆ្លងកាត់ ច្រកសមុទ្ររបស់កោះតៃវ៉ាន់ពិតមែន កាលពីថ្ងៃអង្គារម្សិលមិញ ប៉ុន្តែអះអាងថាជាសកម្មភាព ស្ថិតនៅក្រោមច្បាប់អន្តរជាតិ។
សេចក្តីប្រកាសដោយភាគីអាមេរិក ដដែលបានបន្តទៀតថា នាវាដែលធ្វើដំណើរឆ្លងកាត់ ច្រកកោះតៃវ៉ាន់ គឺជាការតាំងចិត្តរបស់អាមេរិក ក្នុងលើកកំពស់សេរីភាព និងការបើកទូលាយ នៃការធ្វើដំណើរ ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយខ្លួននឹងបន្ត ធ្វើសកម្មភាពយោធា ដូចជាការហោះហើរ និងនាវាចរបន្ថែមទៀត នៅគ្រប់កន្លែងណា ដែលស្ថិតនៅក្រោម ច្បាប់អន្តរជាតិ។
ទោះបីជាយ៉ាងណាក្តី អ្នកនាំពាក្យ របស់កងកម្លាំងទ័ពជើងទឹកចិន បានបញ្ជាក់ថាសកម្មភាព របស់អាមេរិក គឺមិនអាចទទួលយកបាននោះទេ ហើយចិន បានប្រកាសថ្កោលទោស ចំពោះបញ្ហានេះ ពីព្រោះថាវាគឺជាសកម្មភាព បង្កភាពតានតឹង រវាងមហាអំណាចទាំងពីរ៕ ប្រែសម្រួល៖ស៊ុនលី