ប្រទេសម៉ាឡាវី ដែលស្ថិតនៅទ្វីបអាហ្វ្រិក ប៉ែកអាគ្នេយ៍ បានធ្វើការដុតចោលនូវវ៉ាក់សាំង AstraZeneca ដែលផលិតនៅស្រុកឥណ្ឌា ចំនួន ២ម៉ឺនដូស កាលពីថ្ងៃពុធកន្លងទៅ ក្រោយពីវ៉ាក់សាំងទាំងនេះ ផុតសុពលភាពក្នុងការប្រើប្រាស់។
វ៉ាក់សាំងនេះ បានមកដល់ស្រុកអាហ្វ្រិកមួយនេះ សរុបច្រើនជាង ១០ម៉ឺនដូស កាលពីថ្ងៃទី២៦ ខែមីនា តាមរយៈគំនិតផ្ដួចផ្ដើម របស់សហភាពអាហ្វ្រិក និងអង្គការសុខភាពពិភពលោក។ វ៉ាក់សាំងទាំងនេះ នៅសល់អាយុកាល ១៨ថ្ងៃប៉ុណ្ណោះ ពោលគឺផុតកំណត់នៅថ្ងៃទី១៣ ខែមេសា។
អាជ្ញាធរម៉ាឡាវីបានធ្វើការបញ្ជាក់ថា វ៉ាក់សាំងហួសកំណត់ មិនត្រូវបានចាក់ឲ្យប្រជាជនខ្លួនទេ។
នៅពេលផុតកំណត់ភ្លាមៗ អង្គការសុខភាពពិភពលោក ប្រកាសថាមិនឲ្យធ្វើអ្វីទាំងអស់លើវ៉ាកសាំង ដែលផុតកំណត់ តែកាលពីថ្ងៃទី១៧ ខែឧសភាកន្លងទៅ ខាងស្ថាប័នសុខភាពមួយនេះប្រកាស ឲ្យកម្ទេចវ៉ាក់សាំងចោល ដោយសុវត្ថិភាព៕ ប្រភព៖ សប្បាយ


