ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា យន្តហោះចម្បាំងរុស្ស៊ី Su-27 បានស្ទាក់ចាប់យន្តហោះទម្លាក់គ្រាប់បែក យុទ្ធសាស្ត្រ B-52H មួយរបស់កងទ័ពអាកាស សហរដ្ឋអាមេរិក លើសមុទ្របាល់ទិក កាលពីថ្ងៃពុធ ដែលកើតឡើងមុនជំនួប រវាងប្រមុខការទូត នៃប្រទេសទាំងពីរ។
យន្តហោះរុស្ស៊ី បានអមដំណើរ យន្តហោះអាមេរិក ដែលកំពុងខិតជិតដែនអាកាស អធិបតេយ្យភាពរបស់រុស្ស៊ីលើដែនទឹក អព្យាក្រឹតនៃសមុទ្រ បាល់ទិករហូត ទាល់តែយន្តហោះ B-52H ផ្លាស់ប្តូរទិសដៅ ហើយចាកចេញពីតំបន់នោះ។
ការស្ទាក់ចាប់បានធ្វើឡើង តែប៉ុន្មានម៉ោង មុនកិច្ចប្រជុំលើកដំបូង របស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងរដ្ឋមន្រ្តីការបរទេស អាមេរិកលោក Antony Blinken នៅទីក្រុង Reykjavik ប្រទេសអ៊ីស្លង់។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov និងរដ្ឋមន្រ្តីការបរទេស អាមេរិកលោក Antony Blinken បានជួបគ្នាជាលើកដំបូងនៅថ្ងៃពុធម្សិលមិញនេះ ដោយសម្តែងនូវឆន្ទៈក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ប៉ុន្តែក៏បានទទួលស្គាល់នូវ“ ភាពខុសគ្នាដ៏ធ្ងន់ធ្ងរ” ចំពេលទំនាក់ទំនងតានតឹងរវាងប្រទេសទាំងពីរ។
ជំនួបជាមួយសមភាគីរបស់លោក នៅខាងក្រៅកិច្ចប្រជុំក្រុមប្រឹក្សាតំបន់អាក់ទិក នៅរដ្ឋធានី Reykjavik ប្រទេសអ៊ីស្លង់ លោក Lavrov បានលើកឡើងថា ទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន ត្រូវសម្រេចចិត្តលើកិច្ចសហប្រតិបត្តិការ របស់ពួកគេបន្ថែមទៀត ទោះបីជាមានភាពខុសគ្នាយ៉ាងខ្លាំង នៅក្នុងបញ្ហាជាច្រើនរវាងភាគីទាំងពីរ។
លោកបានលើកឡើងថា “យើងមានភាពខុសប្លែកគ្នា យ៉ាងធ្ងន់ធ្ងរ នៅក្នុងការវាយតម្លៃនៃស្ថានភាពអន្តរជាតិ។ យើងមានភាពខុសគ្នាធ្ងន់ធ្ងរ នៅក្នុងវិធីសាស្រ្តនៃភារកិច្ច ដែលត្រូវដោះស្រាយ សម្រាប់ភាពប្រក្រតីរបស់ខ្លួន” ។
អ្នកការទូតរុស្ស៊ីរូបនេះបានបន្ដថា “ ជំហររបស់យើង គឺសាមញ្ញណាស់។ យើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីពិភាក្សាលើបញ្ហាទាំងអស់ ដោយគ្មានការលើកលែង ប៉ុន្តែស្ថិតនៅក្រោមការយល់ឃើញថា ការពិភាក្សានឹងមានភាពស្មោះត្រង់ជាមួយ នឹងអង្គហេតុនៅលើតុ ហើយជាការពិតនៅលើមូលដ្ឋាន នៃការគោរពគ្នាទៅវិញទៅមក” ។
សម្រាប់ផ្នែករបស់លោក Blinken បានឲ្យដឹងថា រដ្ឋបាលលោក ចូ បៃដិន កំពុងស្វែងរក“ ទំនាក់ទំនងដែលអាចព្យាករណ៍បាន និងមានស្ថេរភាព” ជាមួយប្រទេសរុស្ស៊ី ដោយកត់សម្គាល់ថា ទីក្រុងវ៉ាស៊ីនតោន ចង់ធ្វើការជាមួយប្រទេសរុស្ស៊ីលើផ្នែកខ្លះនៃផលប្រយោជន៍ទៅវិញទៅមក រួមទាំងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតការប្រែប្រួលអាកាសធាតុក៏ដូចជា បញ្ហានុយក្លេអ៊ែរទាក់ទងនឹងអ៊ីរ៉ង់ និងឧបទ្វីបកូរ៉េ។
ប៉ុន្តែនៅពេលចាប់ផ្តើមសុន្ទរកថា របស់លោក Blinken បានលើកឡើងថា វាមិនមែនជារឿងអាថ៌កំបាំងនោះទេ ដែលយើងមានភាពខុសគ្នារបស់យើង ហើយទីក្រុងវ៉ាស៊ីនតោន នឹងឆ្លើយតបប្រសិនបើរុស្ស៊ីធ្វើសកម្មភាពយ៉ាងគឃ្លើន។
គួរបញ្ជាក់ថា ទំនាក់ទំនង រវាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក បាននិងកំពុងតានតឹងខ្លាំងនៅក្នុងប៉ុន្មានខែថ្មីៗនេះ។ ភាគីទាំងពីរមានភាពខុសគ្នាច្បាស់ លើបញ្ហាទាក់ទងនឹងអ៊ុយក្រែនសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត សិទ្ធិមនុស្ស និងការជ្រៀតជ្រែកក្នុងការបោះឆ្នោត របស់សហរដ្ឋអាមេរិក៕
ដោយ ឈូក បូរ៉ា