ម៉ូស្គូ ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានលើកឡើងថា លោកមានការព្រួយបារម្ភអំពីផែនការ របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការដាក់ពង្រាយ កងទ័ពបន្ដវេន នៅក្នុងប្រទេស ប៉ូឡូញ ក្នុងអំឡុងពេលជួប ជាមួយរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកលោក Antony Blinken នៅថ្ងៃមុននៅខាងក្រៅកិច្ចប្រជុំក្រុមប្រឹក្សា តំបន់អាក់ទិក នៅទីក្រុង Reykjavik ប្រទេសអ៊ីស្លង់។
លោកបានឲ្យដឹងនៅក្នុងសន្និសីទ កាសែត បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៃក្រុមប្រឹក្សា តំបន់អាក់ទិកថា “ជាពិសេសផែនការ ស្តីពីការបង្កើនវត្តមាន របស់កងទ័ពអូតង់ កំពុងត្រូវបានពិភាក្សា ដោយបើកចំហ ។ ខ្ញុំបានសួរលោក Blinken អំពីបញ្ហានេះកាលពីម្សិលមិញ” ។
លោកបានបន្ថែមថា ក្រុងវ៉ាស៊ីនតោន កំពុងពិភាក្សាអំពីផែនការ ដាក់ពង្រាយកម្លាំងបន្ថែម ដែលមានចំនួនច្រើន នៅក្នុងប្រទេសប៉ូឡូញ ដែលនឹងជាការបំពាន ដោយផ្ទាល់ នៃច្បាប់ស្ថាបនិក រុស្ស៊ីនិងណាតូ។
លោក Lavrov បានលើកឡើងថា លោកសង្ឃឹមថា សមាជិកណាតូ នឹងយល់ថាបញ្ហានេះ មិនមែនជាបញ្ហាទ្វេភាគីនោះទេ ប៉ុន្តែមានការយកចិត្ត ទុកដាក់ដោយផ្ទាល់ ចំពោះការសន្យាពហុភាគី ដែលប្លុកនេះមាន ចំពោះប្រទេសរុស្ស៊ី ។
វិមានក្រឹមឡាំងបានឲ្យដឹងផងដែរថា ជំនួបរបស់លោក Lavrov ជាមួយលោក Blinken គឺជាសញ្ញាវិជ្ជមានមួយ ដោយបន្ថែមថា ការសន្ទនាមាន លក្ខណៈស្ថាបនា ហើយលទ្ធផល នៃការសន្ទនានេះ នឹងជួយឱ្យយល់ពីទស្សនវិស័យ សម្រាប់កិច្ចប្រជុំ ដែលអាចកើតមាន រវាងប្រធានាធិបតី អាមេរិក និងរុស្ស៊ី នាពេលអនាគត ៕
ដោយ ឈូក បូរ៉ា