បរទេស ៖ កាលពីថ្ងៃព្រហស្បតិ៍ ការិយាល័យ របស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ថា គណៈរដ្ឋមន្រ្តីសន្តិសុខ បានបោះឆ្នោតជាឯកច្ឆន្ទ ដើម្បីអនុម័តបទ ឈប់បាញ់រវាង រដ្ឋាភិបាលទីក្រុង Tel Aviv និងហាម៉ាស។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបេនចាមីនណេតាន់យ៉ាហ៊ូ បានសន្យាថា នឹងឆ្លើយតបយ៉ាងចាស់ដៃវិញ ចំពោះការវាយប្រហារ ដោយគ្រាប់រ៉ុក្កែតណាមួយ ដែលអាចកើតមានពីក្រុមសកម្ម ប្រយុទ្ធហាម៉ាស ប៉ាឡេស្ទីន មកលើអ៊ីស្រាអែល ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃសុក្រ លោកណេតាន់យ៉ាហ៊ូ បាននិយាយ ថា “ខ្ញុំអាចនិយាយបានថា យើងបានធ្វើអ្វីៗ ដែលក្លាហាននិងថ្មី ប្រសិនបើចាំបាច់ ក្នុងការវាយលុកចូលដែនដី ហើយយើងនឹងធ្វើវាបានប៉ុន្តែខ្ញុំគិតថា យើងអាចសម្រេចគោលដៅ តាមរបៀបមានសុវត្ថិភាព” ។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បានអះអាងថា “ ការវាយប្រហារពីដែន អាកាសរយៈពេល ១១ ថ្ងៃ ប្រឆាំងនឹងពួករ៉ាឌីកាល់ នៅតំបន់ហ្គាហ្សាស្ទ្រីប បានផ្លាស់ប្តូរតុល្យភាពអំណាច និងច្បាប់នៃល្បែង” ៕
ប្រែសម្រួលៈ ណៃ តុលា