ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាសន្ដិសុខ សហប្រជាជាតិ ស្វាគមន៍កិច្ចព្រមព្រៀង លើការប្រកាស អំពីបទឈប់បាញ់គ្នា នៅតំបន់ហ្គាហ្សា

អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានស្វាគមន៍លើការប្រកាសអំពីបទឈប់បាញ់គ្នានៅតំបន់ហ្គា ។

យោងតាមសេចក្តីថ្លែងការណ៍មួយចេញដោយក្រុមប្រឹក្សាអ.ស.ប បានស្វាគមន៍លើការប្រកាសអំពីបទឈប់បាញ់គ្នាចាប់ពីថ្ងៃទី២១ ឧសភា និងបានទទួលស្គាល់តួនាទីសំខាន់របស់អេហ្ស៊ីប បណ្តាប្រទេសនៅក្នុងតំបន់ផ្សេងទៀត អង្គការសហប្រជាជាតិ នៅមជ្ឈិមបូព៌ា និងដៃគូអន្តរជាតិដទៃទៀត ដែលបានដើរតួសំខាន់នៅក្នុងរឿងនេះ។

ក្រុមប្រឹក្សាបានអំពាវនាវឱ្យមានការប្រកាន់ខ្ជាប់ទាំងស្រុងនូវបទឈប់បាញ់គ្នា និងបានចូលរួមមរណៈទុក្ខនៃការបាត់បង់ជីវិតជនស៊ីវិល ដែលបណ្តាលមកពីអំពើហិង្សា ។

សមាជិកនៃក្រុមប្រឹក្សាសន្តិសុខ បានសង្កត់ធ្ងន់លើតម្រូវការជាបន្ទាន់ សម្រាប់ជំនួយមនុស្សធម៌ដល់ពលរដ្ឋដែលជាជនស៊ីវិលប៉ាឡេស្ទីន ជាពិសេសនៅតំបន់ហ្គាហ្សា និងបានគាំទ្រដល់ការអំពាវនាវរបស់លោកអគ្គលេខាធិការឱ្យសហគមន៍អន្តរជាតិធ្វើការជាមួយអង្គការសហប្រជាជាតិ ស្តីពីការបង្កើតកញ្ចប់គាំទ្រដ៏រឹងមាំមួយសម្រាប់កសាងឡើងវិញ និងស្តារឡើងវិញប្រកបដោយនិរន្តរភាពឲ្យបានឆាប់រហ័ស។

សមាជិកក្រុមប្រឹក្សាដដែលនេះបានបញ្ជាក់ថា ការបន្ទាន់នៃការស្តារឡើងវិញនូវភាពស្ងប់ស្ងាត់ទាំងស្រុង និងបានបញ្ជាក់សារឡើងវិញពីសារៈសំខាន់នៃការសម្រេចបាននូវសន្តិភាពពេញលេញ ដោយផ្អែកលើចក្ខុវិស័យនៃតំបន់មួយ ដែលរដ្ឋប្រជាធិបតេយ្យពីរនេះ គឺអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន រស់នៅរួមគ្នាដោយសន្តិភាពនៅតាមព្រំដែន ដែលមានសន្តិសុខ និងការទទួលស្គាល់ច្បាស់លាស់ ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងអេហ្ស៊ីប លើបទឈប់បាញ់គ្នា បានចូលជាធរមានកាលពីព្រឹកថ្ងៃសុក្រ នៅវេលាម៉ោង២និង០០នាទីព្រឹក ម៉ោងនៅក្នុងប្រទេសប៉ាឡេស្ទីន រវាងអ៊ីស្រាអ៊ែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ ដែលដឹកនាំដោយចលនាតស៊ូឥស្លាមប៉ាឡេស្ទីន (ហាម៉ាស់)៕

ដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top