ព័ត៌មានអន្តរជាតិ

មេដឹកនាំអាមេរិក-កូរ៉េខាងត្បូង ប្ដេជ្ញាបន្ដភាពជាដៃគូ លើវ៉ាក់សាំងជំងឺកូវីដ-១៩ និងកិច្ចរចាជាមួយកូរ៉េខាងជើង

វ៉ាស៊ីនតោន៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឯកភាពគ្នានៅឯកិច្ចប្រជុំកំពូល កាលពីថ្ងៃសុក្រដើម្បីបន្តភាពជាដៃគូលើវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ខណៈពេលដែលបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការសន្ទនាជាមួយប្រទេសកូរ៉េខាងជើង ដែលបានជ្រើសរើសឡើងវិញ។

មេដឹកនាំទាំងពីរ បានជួបប្រជុំដោយផ្ទាល់លើកដំបូង នៅទីក្រុងវ៉ាស៊ីនតោន ៤ខែបន្ទាប់ពីលោក បៃដិន បានចូលកាន់តំណែងនៅពេលដែលជំងឺរាតត្បាតកាន់តែខ្លាំងឡើង ហើយទីក្រុងព្យុងយ៉ាង មិនមានចំណាប់អារម្មណ៍ក្នុងការបន្តកិច្ចពិភាក្សាជាមួយសេអ៊ូល ឬវ៉ាស៊ីនតោននោះឡើយ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅឯសេតវិមាន បន្ទាប់ពីកិច្ចពិភាក្សាទ្វេភាគី លោក ចូ បៃដិន បានសន្យាថានឹងផ្តល់ការចាក់វ៉ាក់សាំងពេញលេញ សម្រាប់កងទ័ពនៅកូរ៉េខាងត្បូងចំនួន ៥៥០,០០០ដូស “សម្រាប់ជាប្រយោជន៍ក៏ដូចជាសម្រាប់កម្លាំងអាមេរិកផង” ។

មេដឹកនាំទាំងពីរបានបង្ហាញថា បានព្រមព្រៀងបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយទូទាំងសកលលោក សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាទំនើបរបស់សហរដ្ឋអាមេរិក ជាមួយនឹងសមត្ថភាពផលិតកម្មរបស់កូរ៉េខាងត្បូង។

ជាមួយគ្នានោះដែរលោកមូន ជេអ៊ីន បានលើកឡើងថា គម្រោងនេះនឹងជួយពន្លឿនការបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយបង្កើនការផ្គត់ផ្គង់វ៉ាក់សាំងរបស់ពិភពលោក។

លោកបានបន្ថែមថា“ ជាពិសេសវានឹងចូលរួមចំណែកក្នុងការផ្គត់ផ្គង់វ៉ាក់សាំងនៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក ហើយនៅក្នុងដំណើរការនេះ គឺជាជំនួយដ៏ល្អក្នុងការធានាការផ្គត់ផ្គង់ ដែលមានស្ថេរភាពសម្រាប់ប្រទេសកូរ៉េខាងត្បូង ផងដែរ”៕

ដោយ ឈូក បូរ៉ា

Most Popular

To Top