ព័ត៌មានអន្តរជាតិ

អ្នករត់ប្រណាំង លើភ្នំតិចបំផុត២០នាក់ បាត់បង់ជីវិត ដោយសារអាកាសធាតុ អាក្រក់នៅចិន

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៣ ខែឧសភា ឆ្នំា២០២១ថា ក្រុមអ្នកជួយសង្គ្រោះបានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា យ៉ាងហោចណាស់មនុស្ស២០នាក់ដែលកំពុងរត់ប្រណាំងគ្នានៅលើភ្នំបានស្លាប់នៅភាគពាយព្យនៃប្រទេសចិន បន្ទាប់ពីមានព្រឹលទឹកកកត្រជាក់ និងខ្យល់បោកបក់មកលើផ្លូវដ៏ខ្ពស់ ។

ទីស្នាក់ការជួយសង្គ្រោះបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានលើកឡើងថា អ្នកចូលរួមបានទទួលរងការឈឺចាប់លើរាងកាយ និងថយចុះសីតុណ្ហភាពភ្លាមៗ ។

អ្នកខ្លះបានបាត់ខ្លួននៅក្នុងអាកាសធាតុដ៏អាក្រក់នៅម៉ោងប្រហែល១រសៀលកាលពីថ្ងៃសៅរ៍ នៅគ្រាដែលការរត់ប្រណាំងក្នុងរយៈចម្ងាយ១០០គីឡូម៉ែត្រនៅក្នុងតំបន់ទេសចរណ៍ថ្មលឿង នៃតំបន់ទេសចរណ៍នៅទីក្រុង Baiyin នៅខេត្ត Gansu ត្រូវបានបញ្ឈប់ ។

ទូរទស្សន៍ CCTV បានរាយការណ៍ថា នៅព្រឹកថ្ងៃអាទិត្យនេះមនុស្ស២០នាក់ត្រូវបានគេរកឃើញថា បានស្លាប់ និងម្នាក់ទៀតកំពុងបាត់ខ្លួន។ អ្នកជួយសង្គ្រោះជាង៧០០នាក់បានចូលរួមក្នុងប្រតិបត្តិការនេះដែលធ្វើឱ្យមានការលំបាកដោយសីតុណ្ហភាពចុះទាបនាពេលយប់ និងស្ថានភាពភូមិសាស្ត្រ និងសណ្ឋានដីមានលក្ខណៈស្មុគស្មាញ ។

មនុស្សសរុបចំនួន១៧២នាក់បានចូលរួមរត់ប្រណាំង ហើយ១៥១នាក់ត្រូវបានបញ្ជាក់ថា មានសុវត្ថិភាព ។ អ្នកខ្លះត្រូវបានព្យាបាលដោយសាររងរបួសស្រាល និងធម្មតា ៕

ដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top