ព័ត៌មានអន្តរជាតិ

អឺរ៉ុប នឹងហាមយន្តហោះ មកពីប្រទេសបេឡារុស ចូលក្នុងដែនអាកាស ប្លុករបស់ខ្លួន ជុំវិញការបង្ខំ ឱ្យយន្តហោះ Ryanair ចុះចត

បរទេស ៖ មុននេះជើងហោះហើរ របស់អាកាសចរណ៍ Ryanair បានចុះចតនៅទីក្រុង Minsk ប្រទេសបេឡារុស ជុំវិញការគំរាម បំផ្ទុះគ្រាប់បែក ដែលក្រោយមក ទើបដឹងថា ជាព័ត៌មានក្លែងក្លាយ ។ ទោះយ៉ាងណាក្នុងចំណោម អ្នកដំណើរទាំងនោះ គឺមានលោក Roman Protasevich ជាអ្នកកាសែត បេឡារុស ដែលបានសហការបង្កើត បណ្តាញតេឡេក្រាម Nexta ដែលគេហាមឃាត់ ។ Protasevich និងដៃគូរបស់គាត់ គឺពលរដ្ឋរុស្ស៊ី Sofia Sapega ទាំងពីរនាក់ត្រូវបានឃុំខ្លួន ក្នុងពេលយន្តហោះឈប់ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ពាក់ព័ន្ធ នឹងបញ្ហានេះ មេដឹកនាំអឺរ៉ុប បានថ្កោលទោស ការចុះចតដោយបង្ខំរបស់ជើងហោះហើរ Ryanair កាលពីថ្ងៃច័ន្ទ ហើយបានចាប់ផ្តើម ហាមឃាត់ក្រុមហ៊ុន អាកាសចរណ៍ ពីប្រទេសបេឡារុស្ស មិនឱ្យហោះហើរនៅលើដែនអាកាស របស់សហភាពអឺរ៉ុប ឬការចុះចតនៅអាកាសយានដ្ឋាន របស់ខ្លួន។

កិច្ចប្រជុំពិសេសមួយ ដែលត្រួតពិនិត្យ ដោយលោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប នៃសហគមន៍អ៊ឺរ៉ុប បានសន្និដ្ឋានបន្ថែមទៀតថា ក្រុមហ៊ុនដឹកជញ្ជូន ដែលមានមូលដ្ឋាន នៅអ៊ឺរ៉ុបទាំងអស់ នឹងត្រូវហាមឃាត់មិនឱ្យហោះហើរ នៅលើដែនអាកាស បេឡារុស្ស ក៏ដូចជាអំពាវនាវ ឱ្យមានការស៊ើបអង្កេត ពេញលេញ ដោយអង្គការអាកាសចរណ៍ ស៊ីវិលអន្តរជាតិ (ICAO) ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top