បរទេស ៖ ទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាស នៅពេលថ្មីៗនេះ នូវផែនការសម្រាប់ប្រតិបត្តិការ សមុទ្រប៉ាល់ទិកលើកទី៥០ ដែលជាសមយុទ្ធពហុជាតិ រយៈពេល១៣ថ្ងៃ នៅក្នុងតំបន់នៃសមុទ្រប៉ាល់ទិក ថានឹងចាប់ផ្តើមនៅថ្ងៃទី០៦ ខែមិថុនា ។
សេចក្តីថ្លែងការណ៍ទ័ពជើងទឹក មួយបាននិយាយថា សមយុទ្ធ BALTOPS នោះ នឹងមានការចូលរួម ដោយប្រទេស ជាសមាជិកនិង ដៃគូណាតូចំនួន១៨ប្រទេស ធ្វើឲ្យមានអង្គភាពដែន សមុទ្រទាំងអស់ចំនួន៤០ យន្តហោះ៦០គ្រឿង និងបុគ្គលិកចំនួន៤.០០០នាក់ ហើយនេះជាសមយុទ្ធមួយ លើកកម្ពស់ភាពបត់បែន និងអន្តរប្រតិបត្តិការ ។
ប្រទេសប៊ែកហ្ស៊ិក កាណាដា ដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ អ៊ីតាលី ឡាតវី លីទុយអានី ហូឡង់ ន័រវេស ប៉ូឡូញ អេស្ប៉ាញ ស៊ុយអែត តួកគី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក នឹងចូលរួមនៅក្នុងសមយុទ្ធយោធានោះ។
តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងដឹកនាំប្រតិបត្តិការប្រចាំឆ្នាំនោះ ដែលជាព្រឹត្តិការណ៍មួយក្នុង ចំណោមព្រឹត្តិការណ៍ណាតូសំខាន់ៗ ទាំង២០ គ្រោងធ្វើនៅក្នុង ឆ្នាំ២០២១នេះ៕ ប្រែសម្រួល៖ប៉ាង កុង