ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានបានលើកឡើងថា ប្រទេសចិន គាំទ្រការទាមទារសមហេតុផលរបស់អ៊ីរ៉ង់ ទាក់ទងនឹងផែនការសកម្មភាពចម្រុះ (JCPOA) ស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ និងត្រៀមខ្លួនដើម្បីពង្រឹងការសម្របសម្រួល ជាមួយអ៊ីរ៉ង់ និងការពារផលប្រយោជន៍រួមរបស់ភាគីទាំងពីរ។
លោកបានធ្វើការកត់សម្គាល់នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រូហានី។ លោកស៊ីបានកត់សម្គាល់ថាប្រទេសចិន និងអ៊ីរ៉ង់ ប្រកាន់ខ្ជាប់ និងជួយគ្នាទៅវិញទៅមកបានចូលរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងទទួលបាននូវលទ្ធផលជាវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការជាក់ស្តែងទ្វេភាគី។
លោកស៊ី បានលើកឡើងថា ប្រទេសទាំងពីរគាំទ្រគ្នាយ៉ាងរឹងមាំលើបញ្ហានានាដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូល និងកង្វល់សំខាន់ៗរបស់ខ្លួន ហើយបានពង្រឹងជំនឿទុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្ត្រ និងការពារសមធម៌និងយុត្តិធម៌អន្តរជាតិយ៉ាងរឹងមាំ។
ដោយកត់សម្គាល់ថាឆ្នាំនេះ គឺជាខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងអ៊ីរ៉ង់លោកស៊ី ជីនពីង បានគូសបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីឥឡូវនេះឈរនៅចំណុចជាប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដើម្បីកសាងសមិទ្ធិផលកន្លងមក និងឆ្ពោះទៅអនាគត។
ប្រទេសចិន យកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយអ៊ីរ៉ង់ ហើយមានឆន្ទៈធ្វើការជាមួយភាគីអ៊ីរ៉ង់ ដើម្បីប្រារព្ធខួបលើកទី ៥០ ជាឱកាសមួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ និងជំរុញឱ្យមានវឌ្ឍនភាពរឹងមាំក្នុងការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ភាគីទាំងពីរ។
លោកប្រធានាធិបតីបានបន្ដថា ប្រទេសចិន នឹងបន្តគាំទ្រអ៊ីរ៉ង់យ៉ាងរឹងមាំក្នុងការការពារអធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូររបស់ជាតិ ហើយមានឆន្ទៈក្នុងការផ្តល់ជំនួយឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតអ៊ីរ៉ង់ និងជួយប្រជាជនអ៊ីរ៉ង់ឱ្យយកឈ្នះលើវីរុសនេះ៕ដោយ ឈូក បូរ៉ា