ព័ត៌មានអន្តរជាតិ

អាមេរិកនិងរុស្ស៊ី ជួបពិភាក្សាគ្នា អំពីការស្ទាក់ដំណើរគ្នា នៅដែនអាកាស និងដែនសមុទ្រ

បរទេស៖ថ្នាក់ដឹកនាំកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ី បានជួបគ្នានៅក្នុងទីក្រុងមូស្គូនាថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាអំពីការស្ទាក់ដំណើរគ្នានៅក្នុងដែនអាកាសអន្តរជាតិ និងអន្តរកម្មរវាងនាវារបស់ប្រទេសទាំងពីរ នេះបើតាមសម្តីទ័ពជើងទឹកអាមេរិក។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលគេហៅថា ការទប់ស្កាត់ហេតុការណ៍នៅលើនិងពីលើដែនទឹកខាងក្រៅដែនកំណត់នៃដែនសមុទ្រជាកម្មសិទ្ធិ ហៅកាត់ថា INCSEA នោះ គឺត្រូវបានប្រារព្ធធ្វើឡើង ដើម្បីពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងឧប្បត្តិហេតុដែនសមុទ្រ ដែលប្រទេសទាំងពីរបានចុះហត្ថលេខានៅក្នុងឆ្នាំ១៩៧២។

សេចក្តីប្រកាសព័ត៌មានទ័ពជើងទឹកអាមេរិកបាននិយាយថា កិច្ចព្រមព្រៀងនោះ បានបង្ហាញពីផលប្រយោជន៍គ្នាទៅវិញទៅមករបស់ប្រទេសទាំងពីរ ក្នុងដំណើរលើកកម្ពស់សុវត្ថិភាពនាវាចរណ៍ និងសុវត្ថិភាពនៃការហោះហើរ នៅពេលដែលធ្វើប្រតិបត្តិការនៅលើនិងពីលើដែនសមុទ្រអន្តរជាតិ និងបានបញ្ជាក់ថា ការពិគ្រោះយោបល់ប្រចាំឆ្នាំ គួរតែប្រារព្ធធ្វើឡើង ដើម្បីពិនិត្យមើលការអនុវត្តតាមកិច្ចព្រមព្រៀង។

គួរបញ្ជាក់ថា ការពិភាក្សាគ្នាកាលពីឆ្នាំមិញ គឺត្រូវបានលុបចោលដោយសារតែការរាតត្បាតនៃជម្ងឺកូវីដ១៩ ប៉ុន្តែនៅក្នុងខែកក្កដា ឆ្នាំ២០១៩ សហរដ្ឋអាមេរិកបានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នៃកិច្ចពិភាក្សាគ្នានោះ នៅក្នុងទីក្រុងវ៉ាស៊ីនតោន៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top