បរទេស ៖ យោងតាមការ ចេញផ្សាយ របស់ the Businessinsider នៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រទេសរុស្សី បានប្រកាសក្នុងការផលិត យានអវកាសមួយដើរ ដោយថាមពលនុយក្លេអ៊ែរ ដែលអាចមានសមត្ថភាព ក្នុងការធ្វើដំណើរវែងឆ្ងាយ និងចូលទៅក្នុងជំរៅ នៃទីអវកាស។
ប្រភពដដែល បានឲ្យដឹងទៀតថា យានអវកាសនេះ នឹងអាចដាក់ឲ្យដំណើរចេញ ដំណើរទៅកាន់ភពព្រហស្បិត៍ នៅត្រឹមឆ្នាំ២០៣០ខាងមុខ ហើយក៏សង្ឃឹមថា នឹងអាចសាងសង់ស្ថានីយ អវកាសមួយ ដោយខ្លួនឯងប្រើប្រាស់ ថាមពលនុយក្លេអ៊ែរ និងបច្ចេកវិទ្យាស្រដៀងគ្នានេះផងដែរ។
យានអវកាស ដែលត្រូវមានឈ្មោះថា Zeus ត្រូវបានគូសប្លង់ឡើង ជាមួយនឹងថាមពលដ៏ខ្លាំងក្លា ដែលអាចធ្វើដំណើរចូលជ្រៅ ទៅក្នុងអវកាសហើយ តាមផែនការ ដំបូងវានឹង ត្រូវធ្វើដំណើរទៅដល់ ឋានព្រះច័ន្ទជាមុន ហើយបន្ទាប់ មកទៅកាន់ភពព្រះហស្បតិ៍។
គួរឲ្យដឹងដែរ ថា ប្រទេសជាច្រើន មកហើយ ដែលកំពុងពិចារណាក្នុងការប្រើប្រាស់ ថាមពលនុយក្លេអ៊ែរ ដូចគ្នានេះដើម្បីអាចបន្ថយរយៈពេល នៃបេសកកម្មធ្វើដំណើរ នៅក្នុងអវកាសខណៈ ដែល បច្ចុប្បន្ននេះភាគច្រើនគេប្រើប្រាស់ ថាមពលពន្លឺព្រះអាទិត្យ និងថាមពលទំនាញប៉ុណ្ណោះ ដើម្បីបង្កើនល្បឿនយានអវកាស ៕
ប្រែសម្រួល៖ស៊ុនលី