ប៉េកាំង ៖ កិច្ចប្រជុំបានឲ្យដឹងថា ការអនុវត្តគោលនយោបាយ និងវិធានការគាំទ្រពាក់ព័ន្ធ នឹងជួយកែលម្អរចនាសម្ព័ន្ធប្រជាជនចិន ឆ្លើយតបយ៉ាងសកម្ម ទៅនឹងប្រជាជនវ័យចំណាស់ និងរក្សានូវគុណសម្បត្តិធនធានមនុស្ស របស់ប្រទេស ដែលប្រទេសចិន នឹងគាំទ្រមួយគ្រួសារ អាចមានកូនរហូតដល់ ៣នាក់ ។
លោកស៊ី ជីនពីង អគ្គលេខាធិការបក្សកុម្មុយនីស្ដ ចិន បានដឹកនាំកិច្ចប្រជុំនេះ ដើម្បីស្តាប់ របាយការណ៍ ស្តីពីវិធានការណ៍ គោលនយោបាយសំខាន់ៗ ដើម្បីដោះស្រាយភាពចាស់ជរា របស់ប្រជាជនក្នុងអំឡុងពេលផែនការ ៥ ឆ្នាំលើកទី ១៤ (ឆ្នាំ២០២១-២០២៥) ។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងថា កិច្ចប្រជុំបានពិនិត្យលើសេចក្តី សម្រេចចិត្តលើការកែលម្អ គោលនយោបាយកំណើត ដើម្បីជំរុញកំណើនប្រជាជន ប្រកបដោយតុល្យភាព រយៈពេលវែង។
កិច្ចប្រជុំនេះបានឲ្យដឹងថា ប្រទេសចិន មានចំនួនប្រជាជនច្រើន ហើយភាពចាស់ នៃប្រជាជនរបស់ខ្លួនបាន និងកំពុងកើនឡើងនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
យោងតាមទិន្នន័យជំរឿន ចុងក្រោយប្រជាជនចិន ដែលមាន អាយុចាប់ពី ៦០ ឆ្នាំឡើងទៅមានចំនួន ១៨,៧ ភាគរយ នៃចំនួនប្រជាជន សរុបរបស់ប្រទេសក្នុងឆ្នាំ២០២០ ដែលមានចំនួន ៥,៤៤ ភាគរយខ្ពស់ជាងឆ្នាំ២០១០ ។
ប្រធានការិយាល័យស្ថិតិជាតិចិន លោក ងិន ជី បានឲ្យដឹងថា ប្រជាជនចិន ដែលមានវ័យ ចំណាស់កើនឡើង នឹងកាត់បន្ថយការផ្គត់ផ្គង់ ក្នុងកម្លាំងពលកម្ម ខណៈដែលបង្កើនបន្ទុកលើការ ថែទាំមនុស្សចាស់ របស់គ្រួសារ និងសម្ពាធលើការផ្គត់ផ្គង់សេវា សាធារណៈមូលដ្ឋាន៕
ដោយ ឈូក បូរ៉ា