រដ្ឋាភិបាលប្រទេសវៀតណាម បាននិយាយថា ប្រទេសខ្លួនដែលបានទប់ស្កាត់ ការឆ្លងរាលដាលវីរុសកូវីដ១៩ បានដោយជោគជ័យ អស់រយៈពេលជាងមួយឆ្នាំមកនេះ អាចនឹងប៉ះពាល់ ដល់ផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន ប្រសិនបើប្រទេសនេះ មិនអាចអាចវ៉ាក់សាំង ឱ្យប្រជាជនបាន ៧០% នៃចំនួនប្រជាជនសរុប។

ការចាក់វ៉ាក់សាំងមានភាពយឺត របស់ប្រទេសវៀតណាម នឹងផ្តល់ផលលំបាក ក៏ដូចជាភាពយឺតយ៉ាវ ដល់រដ្ឋាភិបាល ក្នុងការបើកចំហសេដ្ឋកិច្ចរបស់ខ្លួន។ ទោះបីជាប្រទេសនេះ បានចាប់ផ្តើមចរចាជាមួយ ក្រុមហ៊ុនផលិតវ៉ាក់សាំង កូវីដ១៩ នៅលើពិភពលោក ចាប់តាំងពីខែឧសភា ឆ្នាំ ២០២០ យ៉ាងណាក្តី ប៉ុន្តែប្រទេសនេះបានបង្ហាញសញ្ញា នៃភាពយឺតយ៉ាវក្នុងការទទួលវ៉ាក់សាំង ដោយសារតែបញ្ហាទាក់ទងនឹង យន្តការគោលនយោបាយ និង នីតិវិធីមានភាពស្មុគស្មាញ។ នេះបើតាមការឱ្យដឹង ពីមន្រ្តីម្នាក់ក្នុងជួររដ្ឋាភិបាល ដែលសុំមិនបញ្ចេញឈ្មោះ។

គិតត្រឹមថ្ងៃអង្គារ ទី១ ខែមិថុនា ឆ្នាំ២០២១នេះ ប្រទេសវៀតណាម បានចាក់វ៉ាក់សាំង ឱ្យប្រជាជនខ្លួនបានចំនួន ១.១០២.០៩៩ នាក់ ដោយប្រជាជនមានត្រឹម ៣០.៦០២ នាក់ប៉ុណ្ណោះ ទទួលការចាក់វ៉ាក់សាំង បានពេញលេញ៕ ប្រភព៖ សប្បាយ

