ព័ត៌មានអន្តរជាតិ

ជប៉ុន​ នឹងផ្តល់ថវិកា១៩ ពាន់លានយ៉េន ដល់គម្រោងផលិត បន្ទះឈីបជឿនលឿន ដឹកនាំដោយ TSMC

តូក្យូ ៖ ក្រសួងឧស្សាហកម្មជប៉ុន បាននិយាយថា រដ្ឋាភិបាលជប៉ុន នឹងបរិច្ចាគថវិកា ប្រមាណ ១៩ ពាន់លានយ៉េន (១៧៣ លានដុល្លារ) ដល់គម្រោង មួយដែលដឹកនាំ ដោយក្រុមហ៊ុន Taiwan Semiconductor Manufacturing Co ដើម្បីអភិវឌ្ឍ បច្ចេកវិទ្យាផលិតបន្ទះឈីប នៅក្នុងប្រទេសជប៉ុន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ការផ្លាស់ប្តូរនេះបានកើតឡើង នៅពេលរដ្ឋាភិបាល កំពុងតស៊ូដើម្បីកែលម្អភាពប្រកួតប្រជែង ជាសកលរបស់ក្រុមហ៊ុនជប៉ុន ក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍឧបករណ៍អេឡិចត្រូនិក ជឿនលឿនដែលមិនអាចខ្វះ បានសម្រាប់បណ្តាញ ទូរគមនាគមន៍ជំនាន់ក្រោយ និងការបើកបរ ដោយស្វ័យប្រវត្តិ។

ក្រុមហ៊ុនជប៉ុនជាង ២០ រួមមានក្រុមហ៊ុនផលិតគ្រឿង អេឡិចត្រូនិច Ibiden Co និងក្រុមហ៊ុនគីមី Asahi Kasei Corp នឹងចូលរួមជាមួយ ក្រុមហ៊ុន TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីប ឈានមុខគេនៅក្រោមគម្រោង ដែលនឹងមានមូលដ្ឋាននៅ Tsukuba ខេត្ត Ibaraki ក្បែរទីក្រុងតូក្យូ ។

ការប្រណាំងកំពុង ធ្វើឲ្យកាន់តែខ្លាំងឡើង នៅជុំវិញពិភពលោក ដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ នៃបន្ទះឈីបដោយមានប្រទេស ជាច្រើនធ្វើការវិនិយោគដ៏ធំ ដើម្បីបង្កើតមូលដ្ឋាន ផលិតកម្មផ្ទាល់ខ្លួន ដើម្បីធានាបាននូវវឌ្ឍនភាព នៅក្នុងឌីជីថលនៃសេដ្ឋកិច្ច។ TSMC បាននិយាយកាលពីខែកុម្ភៈថា ខ្លួននឹងបង្កើតមូលដ្ឋាន អភិវឌ្ឍន៍ថ្មីមួយនៅក្នុងប្រទេសជប៉ុន ។

វត្តមាននៃឧស្សាហកម្មអេឡិចត្រូនិក របស់ជប៉ុនបានចុះខ្សោយនៅចំពោះមុខការប្រកួតប្រជែង ពីគូប្រជែងនៅកូរ៉េខាងត្បូង និងតៃវ៉ាន់។ ក្រសួងសេដ្ឋកិច្ចពាណិជ្ជកម្ម និងឧស្សាហកម្មរំពឹង ថា នឹងដាក់ចេញ នូវយុទ្ធសាស្រ្តមួយ នាពេលឆាប់ៗនេះ ដើម្បីលើកកម្ពស់ភាពប្រកួត ប្រជែងនៃវិស័យនេះ ៕ដោយ៖លី ភីលីព

Most Popular

To Top