ព័ត៌មានអន្តរជាតិ

តួកគីនិងក្រិកនឹងចាតវិធានការ រឹងមាំធ្វើឲ្យចំណងមិត្តភាព ប្រសើរឡើង 

បរទេស៖ ក្រោយកិច្ចពិភាក្សាគ្នានៅទីក្រុងអាតែន រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសតួកគី លោក Mevlut Cavusoglu តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសតួកគីនិងប្រទេសក្រិក នឹងចាប់ផ្តើមចាត់វិធានការរឹងមាំ និងធ្វើការងារលើគម្រោងរួមគ្នា ដើម្បីធ្វើឲ្យប្រសើរឡើងនូវចំណងមិត្តភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ស្របពេលដែលប្រទេសជាសមាជិកណាតូទាំងពីរ ស្វះស្វែងជួសជុលចំណងមិត្តភាពឡើងវិញ។

ថ្លែងប្រាប់សន្និសីទកាសែតមួយជាមួយរដ្ឋមន្ត្រីការបរទេសក្រិក លោក Nikos Dendias នៅក្នុងទីក្រុងអាតែន លោករដ្ឋមន្ត្រីការបរទេសតួកគី បានថ្លែងប្រាប់ថា លោកទាំងពីរបានសម្រេចអនុស្សរណៈយោគយល់គ្នាលើមាត្រាចំនួន២៥ ដើម្បីធ្វើចំណងមិត្តភាពជំនួញឲ្យមានភាពប្រសើរឡើង ហើយប្រទេសទាំងពីរ នឹងទទួលស្គាល់នូវការចាក់វ៉ាក់សាំងកូវីដ១៩របស់គ្នាទៅវិញទៅមក ក្នុងដំណើរមួយជួយជំរុញវិស័យទេសចរណ៍។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភា្នក់ងារសារព័ត៌មាន Us News នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Mevlut Cavusoglu បានមានប្រសាសន៍ថា លោកប្រធានាធិបតីតួកគី Tayyip Erdogan  និងលោកនាយករដ្ឋមន្ត្រីក្រិក Kyriakos Mitsotakis កំពុងគ្រោងជួបគ្នា នៅជំនួបកំពូលណាតូ ក្នុងទីក្រុងព្រួចសែលនាថ្ងៃទី១៤ ខែមិថុនា។

គួរបញ្ជាក់ថា ភាពតានតឹងរវាងក្រិកនិងតួកគី បានផ្ទុះឡើងកាលពីឆ្នាំមិញនេះ ជុំវិញជម្លោះពាក់ព័ន្ធយុត្តាធិការដែនសមុទ្រនិងសិទ្ធិលើតំបន់ឆ្នេរ នៅក្នុងសមុទ្រមេឌីទែរ៉ានេភាគខាងកើត ហើយប្រទេសទាំងពីរ បានធ្វើការរិះគន់គ្នាកាលពីថ្ងៃអាទិត្យ ជុំវិញស្ថានភាពជនជាតិមូស្លីមភាគតិចនៅក្នុងប្រទេសក្រិក៕

Most Popular

To Top