បរទេស៖ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានចុះហត្ថលេខាលើច្បាប់មួយ នៅថ្ងៃចន្ទនេះ ដែលដករុស្ស៊ីជាផ្លូវការ ចេញពីសន្ធិសញ្ញាគ្រប់គ្រងអាវុធ ជើងមេឃចំហ (Open Skies) ជាកិច្ចព្រមព្រៀងមួយដែល អនុញ្ញាតឲ្យមានការហោះហើរឃ្លាំមើល ដោយគ្មានអាវុធ លើប្រទេសជាសមាជិក។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Euro News នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសរុស្ស៊ីបានសង្ឃឹមថា លោក ពូទីន និងប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃដិន អាចពិភាក្សាគ្នាអំពីសន្ធិសញ្ញានេះ នៅពេលមេដឹកនាំទាំងពីរជួបគ្នានៅចុងខែនេះ ក្នុងទីក្រុងហ្សឺណែវ។
ប៉ុន្តែរដ្ឋបាលរបស់លោក បៃដិន បានជូនដំណឹងដល់ទីក្រុងមូស្គូកាលពីខែឧសភាថា ខ្លួននឹងមិនវិលចូលក្នុងសន្ធិសញ្ញានោះវិញទេ ក្រោយពីរដ្ឋបាលលោក ត្រាំ បានបោះបង់ចោលវាកាលពីឆ្នាំមិញ។

វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃចន្ទនេះថា ការសម្រេចចិត្តរបស់ សហរដ្ឋអាមេរិក ដកខ្លួនចេញពីសន្ធិសញ្ញានោះ បានធ្វើឲ្យប៉ះទង្គិចជាខ្លាំងចំពោះតុល្យភាពផលប្រយោជន៍ នៅក្នុងចំណោមប្រទេសជាសមាជិក និងបានបង្ខំឲ្យរុស្ស៊ីសម្រេចចិត្តដកខ្លួនចេញដែរ៕ប្រែសម្រួល៖ប៉ាង កុង
