បរទេស ៖ បញ្ជាការដ្ឋានប្រព័ន្ធអាកាស របស់កងទ័ពជើងទឹកអាមេរិក និង ប៊ូអ៊ីង បានប្រកាសកាលពីថ្ងៃច័ន្ទថា គំរូដើម T-1 នៃយន្តហោះ MQ-25A Stingray របស់កងទ័ពជើងទឹកអាមេរិក បានទទួលជោគជ័យ លើការចាក់សាំង នៅពាក់កណ្តាលអាកាសដំបូង របស់យន្តហោះចម្បាំង តាមរយៈយន្តហោះគ្មានមនុស្សបើក ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ការធ្វើតេស្តប្រភេទដំបូងបានធ្វើឡើងនៅអាកាសយានដ្ឋាន MidAmerica ក្នុងទីក្រុង Mascoutah រដ្ឋ Illinois កាលពីសប្តាហ៍មុន។
វីដេអូដែលបានផ្សព្វផ្សាយ នៅសប្តាហ៍នេះបង្ហាញពីយន្តហោះចម្បាំង គំរូយន្តហោះគ្មានមនុស្សបើក ដែលបានចាក់សាំងបន្ថែមនៅកណ្តាលអាកាស ដល់យន្តហោះចម្បាំង F / A-18 Super Hornet ។
Stingray ត្រូវបានគេមើលឃើញពង្រីកបំពង់ និងឌុយរបស់ខ្លួន ដើម្បីបញ្ជូនប្រេងទៅឱ្យយន្តហោះចម្បាំង។ ការធ្វើសមយុទ្ធនេះតម្រូវឱ្យមានចម្ងាយ ២០ ហ្វីត (៦,១ ម៉ែត្រ) ដាច់ដោយឡែកពីគ្នា រវាងយន្តហោះគ្មាន មនុស្សបើក និង យន្តហោះ Super Hornet ៕
ប្រែសម្រួលៈ ណៃ តុលា