ព័ត៌មានអន្តរជាតិ

ចិន ៖ ដំណើរទស្សនកិច្ច សមាជិកព្រឹទ្ធសភា អាមេរិក នៅតៃវ៉ាន់ ជាការបង្កហេតុដ៏អាក្រក់

បរទេស ៖ ក្រសួងការបរទេសចិន តាមសេចក្តីរាយការណ៍ នៅថ្ងៃអង្គារនេះ បានធ្វើការថ្កោលទោស រិះគន់ ចំពោះដំណើរទស្សនកិច្ចដ៏ខ្លី កាលពីថ្ងៃចុងសប្ដាហ៍ធ្វើឡើង ដោយសមាជិកព្រឹទ្ធសភា អាមេរិក នៅតៃវ៉ាន់ ដោយជិះយន្តហោះយោធា អាមេរិកមួយគ្រឿង ថាជាការបង្កហេតុបែប នយោបាយដ៏អាក្រក់ ដែលជាទង្វើគ្មាន ទំនួលខុសត្រូវនិងគ្រោះថ្នាក់ ។

សមាជិកព្រឹទ្ធសភាអាមេរិក៣រូប គឺលោកស្រី Tammy Duckworth លោក Dan Sullivan និង លោក Christopher Coons បានធ្វើទស្សនកិច្ចទីក្រុងតៃប៉ិ សម្រាប់រយៈ ប្រមាណ ៣ម៉ោងកាលពីថ្ងៃអាទិត្យ ដោយបានជួបជាមួយ លោកស្រីប្រធានាធិបតី តៃវ៉ាន់ ត្សៃ អ៊ីងវិន និងបានប្រកាស ពីការបរិច្ចាគថ្នាំ វ៉ាក់សាំងកូវីដ១៩ ចំនួន៧៥០.០០០ដូស ឲ្យដល់កោះតៃវ៉ាន់ ។

យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងការពារជាតិចិន បានបង្ហាញនូវការប្រឆាំងយ៉ាងខ្លាំងក្លា ចំពោះដំណើរទស្សនកិច្ច និងការប្រើប្រាស់យន្តហោះយោធានោះ ។

ក្រសួងការពារជាតិចិន បាននិយាយយ៉ាងដូច្នេះថា “សមាជិកព្រឹទ្ធសភាអាមេរិក៣រូប បានធ្វើទស្សនកិច្ចតៃវ៉ាន់ ដោយជិះយន្តហោះយោធា ប្រើប្រាស់បញ្ហាតៃវ៉ាន់ ដើម្បីចូលរួមក្នុងការបង្ហាញ នយោបាយ ប្រជែងចំពោះគោលការណ៍ប្រទេសចិនតែមួយ និងព្យាយាមសម្រេចគោលដៅ ប្រើប្រាស់តៃវ៉ាន់ ដើម្បីគ្រប់គ្រងចិន” ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top