ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន មកដល់ទឹកដីអង់គ្លេស ជាលើកដំបូងសម្រាប់ ការបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅបរទេសរបស់ខ្លួន ក្នុងនាមជា ប្រធានាធិបតីអាមេរិក

ឡុងដ៏ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ថា លោក ចូ បៃដិន ប្រធានាធិបតី សហរដ្ឋអាមេរិក បានមកដល់ទឹកដីអង់គ្លេស កាលពីល្ងាចថ្ងៃពុធ ដែលជាដំណើរបំពេញទស្សនកិច្ចផ្លូវ រដ្ឋរបស់គាត់ជាលើកដំបូង មកកាន់បរទេស ចាប់តំាងពីទទួលបាន ជ័យជម្នះក្នុងការបោះឆ្នោត របស់គាត់ ។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានចុះចតនៅឯមូលដ្ឋានអាកាសរបស់សហរដ្ឋអាមេរិក នៅ Royal Air Force Mildenhall ក្នុងទីក្រុង Suffolk ភាគខាងកើតនៃប្រទេសអង់គ្លេស ។ គាត់ត្រូវបានគេរំពឹងថា នឹងជួបជាមួយនាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson នៅថ្ងៃព្រហស្បតិ៍នេះ មុនពេលកិច្ចប្រជុំកំពូលនៃក្រុម G7 នៅរមណីយដ្ឋានភាគនិរតីនៃចក្រភពអង់គ្លេស នៃឆ្នេរសមុទ្រ Carbis Bay នៅក្រុង Cornwall ចាប់ផ្តើមឡើង ។

មេដឹកនាំមកពីចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា ជប៉ុន អាល្លឺម៉ង់ បារាំង និងអ៊ីតាលី រួមទាំងសហភាពអ៊ឺរ៉ុប នឹងប្រមូលផ្តុំគ្នានៅថ្ងៃសុក្រ សម្រាប់កិច្ចប្រជុំកំពូល G7 ដោយផ្ទាល់លើកដំបូង ក្នុងរយៈពេលជិត០២ឆ្នាំមកនេះ ។

ប្រទេសអង់គ្លេស ដែលកាន់តំណែង ជាប្រធានប្តូរវេន G7 ក៏បានអញ្ជើញអូស្រ្តាលី ឥណ្ឌា សាធារណរដ្ឋកូរ៉េ និងអាហ្វ្រិកខាងត្បូង ជាប្រទេសភ្ញៀវចូលរួមកិច្ចប្រជុំរយៈពេល០៣ថ្ងៃផងដែរ ។ ការងើបឡើងវិញនៃសេដ្ឋកិច្ច ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងការបំរ៉ែបំរួលអាកាសធាតុ ត្រូវបានគេរំពឹងថា នឹងត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំនេះ។

បន្ទាប់ពីកិច្ចប្រជុំកំពូល លោក បៃដិន និង ភរិយា Jill Biden គ្រោងនឹងជួបជាមួយម្ចាស់ក្សត្រីអង់គ្លេស Elizabeth II មុនពេលធ្វើដំណើរទៅកាន់ទីក្រុង ប្រ៊ុចស៊ែល សម្រាប់អង្គការ NATO និងសហភាពអឺរ៉ុ -សហរដ្ឋអាមេរិក ។ បន្ទាប់មកគាត់នឹងហោះហើរទៅកាន់ទីក្រុង ហ្សឺណែវ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី ប្លាឌីមៀ ពូទីន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top