បរទេស៖ មន្ត្រីជាន់ខ្ពស់រដ្ឋបាល របស់លោកប្រធានាធិបតី ប៊ីដិន ធ្លាប់បានបញ្ជាក់ថា នៅពេលទាហានអាមេរិកចាកចេញពីប្រទេស អាហ្វហ្គានីស្ថាន ការគាំទ្រតាមអាកាសនឹងត្រូវលុបចោលផងដែរ លើកលែងតែការវាយប្រហារ តាមដែនអាកាសប្រឆាំង នឹងក្រុមភេរវករ ដែលបង្កការគំរាមកំហែងដល់ផលប្រយោជន៍ អាមេរិក។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មាន New York Times បានរាយការណ៍នៅថ្ងៃពុធដោយដកស្រង់សម្តីមន្រ្តីជាន់ខ្ពស់ថា មន្ទីរប៉ង់តាហ្គោនសហរដ្ឋអាមេរិក កំពុងពិចារណាស្នើសុំការអនុញ្ញាត សម្រាប់ការវាយប្រហារតាមអាកាស ដើម្បីគាំទ្រដល់កងកម្លាំងសន្តិសុខ អាហ្វហ្គានីស្ថាន ប្រសិនបើក្រុមសកម្មប្រយុទ្ធតាលីបង់ គំរាមដណ្តើមកាន់កាប់ទីក្រុងកាប៊ុលរបស់អាហ្វហ្គានីស្ថាន ឬក៏ទីក្រុងផ្សេងទៀតរបស់ប្រទេសនេះ។
យោងតាមរបាយការណ៍ អាជ្ញាធរយោធាកំពុងពិភាក្សាគ្នាយ៉ាងសកម្មអំពីរបៀបដែលពួកគេ នឹងឆ្លើយតបប្រសិនបើការដកខ្លួនចេញរបស់កងទ័ពអាមេរិក មានផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខជាតិ។ ក្រុមមន្រ្តីបាននិយាយថា មិនទាន់មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើង នៅឡើយទេ៕ប្រែសម្រួលៈ ណៃ តុលា