ព័ត៌មានអន្តរជាតិ

របបយោធា​ មីយ៉ានម៉ា ចោទលោកស្រី អ៊ុង សានស៊ូជី ពីបទពុករលួយ

បរទេស ៖ របបយោធាមីយ៉ានម៉ា នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការចោទ ប្រកាន់ជាផ្លូវការ លើលោកស្រី អ៊ុង សានស៊ូជី ដែលជាមេដឹកនាំស៊ីវិល កំពុងជាប់ឃុំ ពីបទពុករលួយ រួមជាមួយមន្ត្រី៣រូបផ្សេងទៀត ដែលត្រូវបានផ្តួលរំលំ ក្នុងរដ្ឋប្រហារកាលពីខែកុម្ភៈ ។

របបយោធា របស់អគ្គមេបញ្ជាការ កងកម្លាំងប្រដាប់អាវុធ លោក Min Aung Hlaing បានប្រកាសពីបទ ចោលប្រកាន់នោះ នៅលើគេហទំព័រ ក្រសួងព័ត៌មានថា គណៈកម្មការប្រឆំាង អំពើពុករលួយ បាននិយាយថា ខ្លួនបានពិនិត្យមើលសំណុំរឿងលោកស្រី អ៊ុង សានស៊ូជី និងបានរកឃើញកំហុស លោកស្រី ពីបទពុករលួយ ដោយប្រើឋានៈរបស់ខ្លួន ។

យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា បទចោទប្រកាន់ជាផ្លូវការនេះ គឺអាចត្រូវជាប់ពន្ធនាគារ ជាអតិបរិមាចំនួន១៥ឆ្នាំ ។

យោធាមីយ៉ានម៉ា បានចោទប្រកាន់លោកស្រី អ៊ុង សានស៊ូជី ពីបទប្រើប្រាស់អំណាចខុស នៅពេលលោកស្រី ជួលអគារសម្រាប់ស្ថាប័ន Daw Khin Kyi របស់លោកស្រី ធ្វើឲ្យរដ្ឋខាតបង់ប្រាក់ជាង ៣លានដុល្លារ និងថា លោកស្រីបានទទួល យកប្រាក់ចំនួន៦០០.០០០ដុល្លារ ក៏ដូចជាមាស ពីប្រធានតំបន់ ក្នុងពេលកាន់តំណែង ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top